(ភ្នំពេញ)៖ ស្រ្តីអ្នកលក់ផ្លែមានម្នាក់ បានទៅរត់ប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ ដោយនាងបានអះអាងប្រាប់នគរបាលថា នាងមានផ្ទៃពោះជាង១ខែ ប៉ុន្តែកូននោះបានរលូតទៅវិញហើយ ដោយសារតែនាងមានទំនាស់ជាមួយស្រ្តីម្នាក់ទៀត ដែលជាអ្នកលក់បបរ រួមជាមួយនឹងកូនស្រីរបស់គាត់។ គាត់ថា ២នាក់ម្តាយកូន បាន ព្រួតគ្នាវាយបណ្ដាលឲ្យគាត់ដួលអុកគូទ រហូតធ្លាក់ឈាមយ៉ាងខ្លាំង ហើយពេលនាងទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈ ពិនិត្យសុខភាពត្រូវបាន គ្រូពេទ្យប្រាប់ថា កូននៅក្នុងផ្ទៃនាងនោះ បានរលូតបាត់ទៅហើយ។

ស្រ្តីខាងលើនោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប នៅវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយនគរបាលបានទទួលពាក្យបណ្ដឹងរបស់គាត់ និងត្រៀមចាត់ការរឿងនោះទៅតាមផ្លូវច្បាប់ហើយ។

មន្រ្តីនគរបាលបានឲ្យដឹងថា ស្រ្តីរងគ្រោះរូបនោះ ឈ្មោះ ហុង គីមហៀក អាយុ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣២ ស្ថិតនៅក្នុងបុរីព្រីន ថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅផ្សារ ស្លាបលែង ឃុំស្វាយអំពៀរ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកស្រ្តីជាប់ចោទ មិនទាន់ត្រូវបានគេស្គាល់ ឈ្មោះនៅឡើយទេ
គ្រាន់តែដឹងថា ឈ្មោះហៅក្រៅថា ចែ រី មុខរបរជាអ្នកលក់បបរ នៅតូបក្បែរក្នុងនោះដែរ និងស្នាក់នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមដំណើររឿង កាលពីវេលាយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុនពេលកើតហេតុ ភាគីទាំងពីរនាក់នោះ មានទំនាស់គ្នាបន្តិចបន្តួច ពីរឿងការរកតូប ក្បែរគ្នាហើយមុន ដំបូងទំនាស់កើតឡើង ដោយពាក្យសម្ដីតែប៉ុណ្ណោះ លុះក្រោយមកក៏ស្រាប់ តែឈានដល់ការវាយតប់គ្នា ដោយស្រ្តីរងគ្រោះម្នាក់ឯង ចំណែកភាគីម្ខាងទៀត មាន២នាក់ម្ដាយនិងកូនស្រី ហើយបានចាប់បោចសក់បោកជនរងគ្រោះ បណ្ដាលឲ្យដួលអុកគូទធ្លាក់ឈាម និងរលូតកូនតែម្ដង៕