(ភ្នំពេញ)៖ លោក វីលាម ហេត (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថា លោកគាំទ្រ នឹងខិតខំជំរុញ​ដល់អង្គការ USAID ឲ្យបន្តជួយ លើសេវាព្យាបាលតាមមន្ទីរពេទ្យបន្តទៀត។

នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក វីលាម ហេត (William Heidt) ឯកអគ្គរដ្ឋ​ទូតអាមេរិក ប្រចាំកម្ពុជា  អមដោយមន្រ្តីស្ថានទូតអាមេរិក លោកស្រីអភិបាលរង លោកនាយក លោកនាយករង​សាលាខណ្ឌ ព្រមទាំង ចៅសង្កាត់ច្បារអំពៅទី១ បានអញ្ជើញមកទស្សនកិច្ច នៅមន្ទីពេទ្យបង្អែក​ខណ្ឌច្បារអំពៅ។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសម្តែងក្តីរំភើបនូវការ ស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ​ពីសំណាក់​លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងប្រធានមន្ទីរពេទ្យ បុគ្គលិក ដោយលោក William Heidt បានថ្លែងថា លោកធ្លាប់​តែ ជួបមន្ត្រីថ្នាក់លើ និយាយអំពីវិស័យសុខាភិបាល ខណៈលោកចុះផ្ទាល់នេះ ឃើញថា មន្ទីរពេទ្យនេះសំខាន់​ណាស់សម្រាប់ ពលរដ្ឋខ្មែរក្រីក្រ ដែលមកទទួលសេវាព្យាបាលនៅទីនេះ ដោយមានគ្រូពេទ្យ ជំនាញ ចាំផ្តល់ប្រឹក្សា និងព្យាបាល​ជូនដោយ រីករាយ៕