(ពោធិ៍សាត់)៖ បុរសម្នាក់បានបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូ មិនប្រុងប្រយ័ត្នទៅបុកគូថរថយន្តកុងតឺន័រ ដែលចតលើផ្លូវកំពុងតែជួសជុល កាលពីវេលាម៉ោង០៨៖១៥នាទីយប់នៅថ្ងៃទី០៨ ខែកុម្ភៈ​ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨ និង១៩៩ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវឆ្នូតស ពាក់ស្លាកលេខ ភ្នំពេញ 3A-5505 បានខូច ហើយចតនៅលើផ្លូវកំពុងតែជួសជុល ក្នុងទិសដៅពីលិចទៅកើត បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ។

លុះមកដល់វេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក Honda Wav@ c100 ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់ 1D-3865 ធ្វើដំណើរពីលិចទៅកើត ទំនងជាស្រវឹងបើកលឿនមិនប្រុងប្រយ័ត្ន បានទៅបុកគូថរថយន្តកុងតឺន័រ ដែលចតនៅលើផ្លូវពីក្រោយពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ទៀង រ៉ាត់ អាយុ១៨ឆ្នាំ ​រស់នៅភូមិបឹងឈូក ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ (បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ)។​

វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន រង់ចាំដោះស្រាយនៅពេលក្រោយ ដោយឡែកសាកសពជនរងគ្រោះ ​ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕