(សៀមរាប)៖ កម្លាំងចម្រុះរួមមាន មន្រ្តីជំនាញកាំកុងត្រូល មន្ត្រីមន្ទីរពាណិជ្ជកម្ម មន្រ្តីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម អាជ្ញាធរមូលដ្ឋាន ក្រោមការបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះបិទសិប្បកម្មផលិតមី គុយទាវ ពីរកន្លែងជាបណ្តោះអាសន្ន ក្រោយរកមានសារធាតុគីមី ហាមឃាត់ ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ផ្អែកតាមលទ្ធផល អង្កេត និងពិសោធន៏ព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ របស់មន្រ្តីជំនាញ​កាំកុងត្រូល នៅផ្សារចាស់ និងបន្ទាប់ពីសហការបិទសិប្បកម្មផលិត មី គុយទាវ ឈ្មោះ អ៊ី ង៉ិក  ស្ថិតនៅផ្ទះលេខ ១៩ ផ្លូវទាចំរ៉ាត់ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

មន្រ្តីជំនាញកាំកុងត្រូល បានថ្លែងថា ដោយមានការណែនាំពី ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល រួចមក កម្លាំងជំនាញកាំកុងត្រូល បានបន្តសហការជាមួយមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប និងក្រោមការឯកភាពពី​ព្រះរាជអាជ្ញាខេត្តសៀមរាប ក៏បានចុះទៅត្រួតពិនិត្យដល់សិប្បកម្មផលិតសរសៃគុយទាវ មួយកន្លែងទៀត ឈ្មោះ អ៊ុយ គីន ស្ថិតនៅផ្ទះលេខ ១៦១ ក្រុម៨ ផ្លូវស៊ុបរំដួល ភូមិសាលាកន្លែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប  ហើយបាន​វិភាគទៅលើបាញ់កាញ់ និងសរសៃគុយទាវ ដែលនៅសល់ ទម្ងន់ ១០.៥០គ.ក រកឃើញវត្តមាន​សារធាតុគីមីហាមឃាត់បូរ៉ាក់ និងម្សៅបូរ៉ាក់ទម្ងន់ ០.៨០គ.ក ។

មន្រ្តីជំនាញកាំកុងត្រូល បានឲ្យម្ចាស់សិប្បកម្មនេះធ្វើកិច្ចសន្យាព្រមាន និងបញ្ឈប់ជាបន្ទាន់នូវការផលិត គុយទាវដោយបន្ថែម​នូវសារធាតុគីមីហាមឃាត់ ។ ក្នុងករណីមិនរាងចាល កម្លាំងជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

ដោយឡែកចំពោះសិប្បកម្មដែលអត់ច្បាប់នេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងកសាងសំណុំរឿង បិទជាបណ្តោះអាសន្ន ។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់ម្ចាស់សិប្បកម្ម ផលិត សរសៃគុយទាវ មី ទាំងអស់ សូមកុំប្រើសារធាតុគីមី ដែលសមត្ថកិច្ចជំនាញហាមឃាត់ ព្រោះវាប៉ះពាល់ដល់ សុខ ភាពអ្នកប្រើប្រាស់ ៕