(ភ្នំពេញ)៖ ភ្ញៀវទេសចរបរទេស នៅតែបន្តទិញសំបុត្រចូលទស្សនាតំបន់អង្គរច្រើនដដែល ដោយគិតសម្រាប់ថ្ងៃទី០៣ ខែកុម្ភៈម្សិលមិញ (ជាថ្ងៃទី៣ នៃការអនុវត្តកែសម្រួលថ្លៃសំបុត្រថ្មី) លក់បានដល់ ៩២៦៨សន្លឹក គិតជាទឹកប្រាក់ស្មើនឹង ៤៤៦ ៤៤៦ដុល្លារអាមេរិក, ទោះបីមានការកែសម្រួល ថ្លៃក៏ដោយភ្ញៀវនៅតែមានច្រើនដដែល ពុំមានប៉ះពាល់អារម្មណ៍ របស់ភ្ញៀវបរទេសនោះទេ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃសៅរ៍នេះថា ក្នុងចំណោមសំបុត្រ៩២៦៨សន្លឹកនោះ មានសំបុត្រសម្រាប់មួយថ្ងៃ (៣៧ដុល្លារ) មានចំនួន៥០៩៤សន្លឹក រីឯសំបុត្រសម្រាប់៣ថ្ងៃ(៦២ដុល្លារ) និងសំបុត្រមានសុពលភាព១០ថ្ងៃ ចំនួន៤០៥៦សន្លឹក។  

រដ្ឋមន្ត្រីនៅតែបន្តបញ្ជាក់ដដែលថា ថ្លៃសំបុត្រថ្មីនេះ​ ត្រូវបានសម្រេចដក២ដុល្លារដោយស្វ័យប្រវត្តិសម្រាប់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ត​ជួយសង្គ្រោះកុមារនៅកម្ពុជា។

ភ្ញៀវទេសចរទូទាំងពិភពលោកនៅតែគាំទ្រ និងធ្វើដំណើរមកទស្សនាអង្គរកាន់តែច្រើន។ ការកែសម្រួលថ្លៃសំបុត្រចូលទស្សនាអង្គរនេះ ពុំបានប៉ះពាល់ដល់ អារម្មណ៍របស់ភ្ញៀវទេសចរនោះទេ។ អង្គរវត្តនៅតែជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ បំផុតសម្រាប់ពិភពលោក និងតំបន់ នេះបើយោងតាមសម្តី លោករដ្ឋមន្រ្តីបន្ថែមយ៉ាងដូច្នេះ។

ជាងនេះទៅទៀត បើពិនិត្យលើប្រភេទនៃសំបុត្រដែលភ្ញៀវបានទិញ យើងអាចវាយតម្លៃបានច្បាស់ថា យុទ្ធសាស្ត្រពិពិធកម្មគោលដៅទេសចរណ៍របស់យើង ក៏កំពុងបានទទួលជោគជ័យជាបណ្តើរៗហើយ។ ភ្ញៀវទេសចរ ពេលដែលគេបានសិក្សាលម្អិតគេមានការពេញចិត្ត អ្នកដែលទិញសំបុត្រ ៣ថ្ងៃ ក៏កាន់តែច្រើន ពោលគឺអ្នកសម្រេចចិត្តទិញ ៣ថ្ងៃ គេអាចជាអ្នកដែលមានការសម្រេចចិត្តនៅកម្ពុជាយ៉ាងតិចក្រោម ១០ថ្ងៃ ដើម្បីទៅទស្សនាគោលដៅផ្សេងទៀត។ ព្រោះប្រភេទសំបុត្រ៣ថ្ងៃ មានសុពលភាពរហូតដល់ ១០ថ្ងៃ។

ម្យ៉ាងទៀត ភ្ញៀវទេសចរគេមានការពេញចិត្តចំពោះថ្លែលក់ និងប្រព័ន្ធលក់សំបុត្ររបស់យើង ដែលមានលក្ខណៈសមរម្យរស់រវើក មិនបង្ខំឲ្យគេចូលទស្សនា ៣ថ្ងៃ ឬ៧ថ្ងៃជាប់ៗគ្នាឡើយ គឺមានរយៈពេលសុពលភាពសមរម្យ ដែលគេអាចលេងកម្សាន្តនៅកម្ពុជា ឬក្នុងតំបន់បានយូរ។ ប្រភេទសំបុត្រ ៧ថ្ងៃគឺមានសុពលភាពរហូតដល់១ខែ។

លោកបានបន្តទៀតថា គេបានដឹងថាចំណូលទាំងឡាយត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋ ហើយគេសប្បាយចិត្តដោយក្នុងថ្លៃសំបុត្រថ្មីនេះ គេបានរួមចំណែក​សប្បុរសធម៌ដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផា ផងដែរ៕