(ក្រចេះ)៖​ អាជ្ញាធរស្រុកស្នួល ខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា បញ្ហាវិវាទដីធ្លី បានធ្វើឲ្យប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកស្នួល ខេត្តក្រចេះ បានព្យាយាមរារាំង និង​គំរាម​ដុតបំផ្លាញគ្រឿងចក្ររបស់ក្រុមហ៊ុន «ចម្ការកៅស៊ូមេមត់ស្នួល» បើសិនក្រុមហ៊ុនមួយនេះ នៅប​ន្តឲ្យកម្មករឈូសឆាយដីព្រៃ ដែលពួកគេអះអាងថា បានធ្វើឲ្យប៉ះ​ពាល់ដីរប​ស់ពួកគេ។ ចំពោះជម្លោះដីធ្លីមួយនេះ ត្រូវបានសម្របសម្រួលពីអាជ្ញាធរស្រុក និងបានទទួលយកសំណើរពីពលរដ្ឋមួយចំនួន ដើម្បីរៀបចំបញ្ជូនមកថ្នាក់ខេត្តប​ន្តពិនិត្យសម្រេច។

អភិបាលរងស្រុកស្នួល លោក ម៉ែន វណ្ណា បានដឹកនាំកម្លាំងមន្រ្តី និងអាជ្ញាធរស្រុក ចុះទៅសម្របសម្រួលបញ្ហាវិវាទ រវាងពលរដ្ឋ ជាមួយ និងក្រុមហ៊ុនវិនិយោកកៅស៊ូ នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល បានបញ្ជាក់នៅថ្ងៃទី៣ ខែកុម្ភៈថា សំណើររបស់ពលរដ្ឋចំនួន២០០នាក់ ដែលបានស្នើរមកអាជ្ញាធរឲ្យដោះស្រាយជាថ្នូរ និងការបញ្ឈប់ ការរារាំង​នោះ រួមមាន៖ ការស្នើសុំដីបង្កបង្កើនផលជាកម្ម សិទ្ធិស្របច្បាប់ពីអាជ្ញាធរ លើទីតាំងដីដែលពួកគាត់កំពុងតែកាប់ឆ្ការសព្វថ្ងៃ, ការស្នើរសុំយកសម្ភារ​របស់របរមួយ​ចំនួន របស់ពួកគាត់ដែលក្រុមហ៊ុន បានចាប់រឹបអូសកន្លងមក និងការតម្រូវឲ្យក្រុមហ៊ុនបើក បារ៉ាស់ផ្លូវ​ របស់ក្រុមហ៊ុន ដើម្បីឲ្យពួកគាត់ចេញចូល ទៅកន្លែង ទីតាំងដីដែលពួកគាត់​បានកាន់កាប់ បានតាមធម្មតា។

មន្រ្តីសាលាស្រុកស្នួលបានឲ្យដឹងថា សក​ម្មភាពចុះរារាំងពីពលរដ្ឋជាង២០០នាក់នេះ សុទ្ធសឹងជាប្រពលរដ្ឋរស់នៅឃុំ២ធ្នូ ស្រុកស្នួល ប្រដាប់ដោយកាំបិត និងចបបាននាំគ្នា​ទៅ រារាំងគ្រឿងចក្រក្រុមហ៊ុនចម្ការកៅស៊ូមេមត់ស្នួល ដែលកំពុងតែ អនុវត្តផែនការឈូសឆាយ ដីព្រៃឡូតិ៍ កៅស៊ូ មិនឲ្យបន្តការឈូសឆាយទៅមុខទៀតនោះទេ ដោយ​សំអាង​លើហេតុផលថា ​ការឈូសឆាយនេះ ​បានប៉ះលើដីកសិកម្មរបស់គាត់។

គួរបញ្ជាក់ថា ទីតាំងដីដែលពួកគាត់អះអាង ជាដីកម្មសិទ្ធិរបស់ពួកគាត់នោះ ត្រូវបានអាជ្ញាធរស្រុកលើកឡើងថា ជាដីព្រៃ ក្នុងបរិវេណគ្រប់គ្រងដោយក្រុមហ៊ុន តែពលរដ្ឋ​ទាំងនោះ ទើបតែចូលទៅកាប់ឆ្ការើរានកាលពីពេលថ្មីៗនេះ ហើយក៏មិនទាន់បានអាស្រ័យផល កសិកម្មអ្វីនៅឡើយដែរ។

កន្លងមក ករណីវិវាទដីធ្លីរវាងក្រុមហ៊ុនចំការកៅស៊ូមេមត់ស្នួល ជាមួយនិងពលរដ្ឋនោះ គឺបានកើតមានឡើងជាបន្តបន្ទាប់។ ស្របគ្នា នោះ ការចុះទៅដោះស្រាយវិវាទ និង​សម្របសម្រួលពីអាជ្ញាធរស្រុក-ខេត្ត ក៏នៅតែបន្តធ្វើ។ ទីតាំងដីព្រៃរបស់ក្រុម ហ៊ុនមួយនេះ សព្វថ្ងៃ​កំពុងតែរងការកាប់ឆ្ការ និងកាន់កាប់យ៉ាង​អនាធិប្បតេយ្យ​និងពីពលរដ្ឋ​រាប់រយគ្រួសារ ភាគច្រើនជាពលរដ្ឋចំណាកស្រុក។ នេះបើតាមការបញ្ជាក់បន្ថែមពីមន្រ្តីសាលាស្រុក៕