(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសម្តែងការខកចិត្ត និងសោកស្តាយបំផុតចំពោះសហរដ្ឋអាមេរិក ដែលពុំបានពិចារណា លើការលុបបំណុលដែលកម្ពុជាជំពាក់នាសម័យសាធារណរដ្ឋ ឬក៏បង្វែបំណុលនេះទៅជាជំនួយ ខណៈដែលបំណុលនេះត្រូវបាន ពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាល បានចាត់ទុកថា ជារឿងកខ្វក់ ស្មើនឹងគ្រាប់បែកជិត៣លានតោន សម្លាប់ពលរដ្ឋកម្ពុជារាប់សែននាក់ និងបំផ្លាញផ្ទះសម្បែងរាប់ម៉ឺនខ្នង។

ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានអះអាងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទតុមូលមួយនៅឯស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញនេះ ដោយអះអាងថា រហូតដល់ពេលនេះ សហរដ្ឋអាមេរិក​មិនដែលពិចារណាក្នុងការលុបបំណុលនេះនោះទេ ហើយថា កម្ពុជាគួរគិតគូរសង សហរដ្ឋអាមេរិកឱ្យបានឆាប់ ដើម្បីកុំឱ្យបំណុលនេះកើនឡើងតទៅទៀត ខណៈដែល​ពេលនេះ លោកថាបំណុលនោះ កើនឡើងដល់ជិត៥០០លានដុល្លារហើយ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន ​Fresh News នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា «បើតាមច្បាប់អន្តរជាតិ រាជរដ្ឋា​ភិបាលកម្ពុជា ពិតជាទទួលស្គាល់ហើយរឿងបំណុលនេះ ទោះបីជា លន់ នល់ ខ្ចីលុយអាមេរិកទិញគ្រាប់បែកទម្លាក់លើប្រជាជនកម្ពុជាឱ្យស្លាប់ រាប់សែននាក់​ក៏ដោយ ក៏ក្នុងច្បាប់អន្តរជាតិ យើងទទួលស្គាល់ដែរ ក៏ប៉ុន្តែបញ្ហាសីលធម៌ ក៏គួរអាមេរិកលោកមើលឃើញអំពីបញ្ហាសីលធម៌នេះ ដែលគាត់ជា មហាអំណាច ហើយគាត់បង្កើតជាវិនាសកម្មនៅកម្ពុជា ហើយទាមទារឱ្យអ្នករងគ្រោះសងបំណុលគាត់ នេះគឺជាបញ្ហាអសីលធម៌មួយ»

លោក សុខ ឥសាន បានបន្ថែមទៀតថា «ចំពោះរឿងបំណុលសហរដ្ឋអាមេរិកនេះ ខ្ញុំយល់ថា វាជាអំពើអយុត្តិធម៌សម្រាប់កម្ពុជាខ្លាំងណាស់ ដែលលុយនោះ គឺជាគ្រាប់បែកទម្លាក់លើប្រជាជនកម្ពុជា វាជាបញ្ហាមួយគួរឱ្យខកចិត្តខ្លាំងណាស់ បើសិនជាគាត់មានចេតនាមិនលុបចោលបំណុលនេះ»

អង្គភាពព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនង ទៅកាន់លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានភ្លាមៗនៅឡើយទេ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ អំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្តងទៀត ដោយបាន​ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លុប​បំណុល​ដល់​កម្ពុជា ដែល​អាមេរិកផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ព្រោះជាបំណុលកខ្វក់។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា កាលណោះអាមេរិកគឺជាអ្នកជំរុញឱ្យមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិកត្រូវតែ​ប៉ះប៉ូវ​សងដល់​កម្ពុជាវិញ តាមរយៈការលុបបំណុលសម្រាប់សងដល់វិនាសកម្មនេះ។

អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ (CMAC) លោក ហេង រតនា ដែលជាអ្នកដឹកនាំប្រតិបត្តិការដោះមីន នៅកម្ពុជា បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង៕