(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គេបានឃើញសមត្ថកិច្ច​ជំនាញរួមមាន កងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលខេត្ត និងជំនាញពាក់ព័ន្ធ បានប្រញ៉ាប់​ប្រញ៉ាល់ ដោះស្រាយជាបន្ទាន់ករណីក្រុមហ៊ុនចំការអំពៅរបស់វៀតណាមមួយ បានសម្លាប់គោពលរដ្ឋ​ចំនួន​៥ក្បាល។

ប្រតិបត្តិការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្រោយពីបានទទួលបទបញ្ជាដាច់ខាតពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថា​ កម្លាំងជំនាញទាំងអស់ត្រូវ​ស្វែងរកមូលហេតុ​ពិតប្រាកដ សងសំណងជូនពលរដ្ឋវិញ និងចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ កុំឲ្យរួចពីសំណាញ់ច្បាប់។

សូមបញ្ជាក់ថា កាលពីម្សិលមិញ មានករណីសម្លាប់សត្វគោ​ ស្ថិតក្នុង​ភូមិសាមគ្គី​ ឃុំរស្មីសាមគ្គី ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យគោរបស់ប្រជាពលរដ្ឋចំនួន៥ក្បាល បានងាប់ និងរបួសរណូករណែល ដោយសារតែ​ក្រុមហ៊ុនចំការអំពៅរបស់វៀតណាម បានយករថយន្តសម្រាប់ចាប់គាបអំពៅដាក់លើឡាន មកចាប់សត្វគាបសត្វគោ​ម្តងមួយៗ បោកសម្លាប់យ៉ាងព្រៃផ្សៃ។      

បើ​តាមសំដីម្ចាស់សត្វគោម្នាក់ ដែលត្រូវបានខាងក្រុមហ៊ុន ចាប់បោកសម្លាប់នេះ ​បាននិយាយប្រាប់ថា ករណីក្រុមហ៊ុនវៀតណាមខាងលើ បានសម្លាប់សត្វគោរបស់ពួក​គាត់នេះ គឺមិនមែនជាលើកទីមួយទេ កាលពីកន្លងទៅក្រុមហ៊ុនវៀតណាមខាងលើ ធ្លាប់បានដេញចាប់សត្វគោអ្នកស្រុកយកលុយ ជាញឹកញ៉ាប់ឲ្យតែសត្វគោទាំងនេះ ចូលក្នុងចំការពៅរបស់គេទោះបានស៊ីអីក៏ដោយ ថែមទាំងប៉ងសម្លាប់ទៀត។

​បញ្ហាខាងលើនេះ ភ្នាក់ងារ Fresh News មិនទាន់អាចសុំការបំភ្លឺពីម្ចាស់ក្រុមហ៊ុនចំការអំពៅបាន នៅឡើយទេ ព្រោះខាងក្រុមហ៊ុនបានបិតផ្លូវ មិនឲ្យអ្នកណាបានចូលទីនោះ​ទេ តែទោះជាបែបណាគេជឿជាក់ថាអាជ្ញាធរ នឹងចាត់ការរឿងនេះដោយខ្លាំងក្លាបំផុត ពីព្រោះទង្វើនេះ គឺផ្ទុយពីច្បាប់ទាំងស្រុង៕