(ក្រចេះ)៖ អ្នកតំបន់កាបី ស្រុកស្នួល ខេត្តក្រចេះ និងអ្នកស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននាំគ្នាខ្សឹបរអ៊ូរទាំថាបច្ចុប្បន្ន សកម្មភាពបទល្មើស នាំឈើចេញទៅ ប្រទេសវៀតណាមតាមច្រករបៀងគ្រញូងនៅជាប់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ហាក់ដូចជាគេប្រគល់សិទ្ធិ ទៅអោយទាហានម្នាក់ ឈ្មោះណាក់ ជិះរថយន្តលុច្សសុីស៣០០ មួយគ្រឿង រកកសុីនាំចេញផ្ដាច់មុខទៅហើយ។

អ្នកតំបន់កាបីក៏ដូចអ្នកកែវសីមា បានរអ៊ូរទាំថា នៅតំបន់ព្រំប្រទល់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរីបើអ្នកណាចង់រកសុីនាំឈើ ទៅប្រទេសវៀតណាម ចេញតាមច្រក របៀងគ្រញូង ទាល់តែទាក់ទងទាហានម្នាក់ឈ្មោះណាក់ទើបអាចរកសុីបាន ដូចជាពេលដឹកចេញពី ព្រៃមកដល់ផ្លូវជាតិត្រូវលក់ទៅអោយ ឈ្មោះណាក់ ដើម្បីឈ្មោះនេះ នាំចេញបន្តឬក៏អោយឈ្មោះនេះជាអ្នករត់ការបើកផ្លូវអោយជាដើម បើមិនដូច្នេះទេច្បាស់ជាប្រឈមទៅនឹង សមត្ថកិច្ចផ្សេងៗចាប់នៅតាមផ្លូវជាមិនខាន។

អ្នកស្រុកបានខ្សឹបថា បច្ចុប្បន្នក្នុងមួយយប់ៗយ៉ាងហោចណាស់ ក៏មានរថយន្តប្រភេទសាំយ៉ុង ឬរថយន្តឆ្នៃប្រភេទត្រាក់ទ័រ ជិត១០គ្រឿង ទៅជាង១០គ្រឿងដែរ បានដឹកឈើ ប្រណីតប្រភេទធ្នង់ បេង និងឈើលេខ១ ប្រភេទកកោះ សុក្រមជាដើមត្រូវបានទាហាន ឈ្មោះណាក់ រត់ការនាំចេញតាមច្រករបៀងគ្រញូងនេះ ដោយគ្មានសមត្ថកិច្ច ណាហ៊ានចាប់ឡើយ ព្រោះសុទ្ធតែបង់លុយក្បាលឡាន ទៅអោយមេៗសមត្ថកិច្ច ទាំអស់នោះអស់ទៅហើយ។

អ្នកស្រុកបានរអ៊ូថា បើខ្លួនឯងរកសុីឈើក៏រកសុីទៅ តែមិនគួរបិទប្រជាជនមិន អោយរកសុីដឹកឈើតិចតួចនោះទេ ព្រោះទម្រាំពួកគាត់ចូលព្រៃដឹកចេញ បានមួយម៉ូតូពីរម៉ូតូ គឺត្រូវប្រើកម្លាំង ចំណាយលុយអស់មិនតិចនោះទេ ដោយសង្ឃឹមថាយកទៅលក់អោយវៀតណាមដល់ព្រំដែនបានលុយចំណេញខ្លះ ចុះបើអាងតែខ្លួនជាសមត្ថកិច្ច មានអំណាចតម្រូវអោយប្រជាជន លក់អោយខ្លួនថោកៗ ដើម្បីខ្លួនយកទៅលក់តយកចំណេញស្រាប់ៗ ប្រជាជនមិនដាច់បាយទៅហើយទេ។

ប្រជាជននៅតំបន់ព្រំប្រទល់ខេត្តក្រចេះ (កាបី) និងខេត្តមណ្ឌលគិរី បានសំណូមពរសូមអោយលោកសរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងក្នុងនាមជាប្រធាន គណ:បញ្ជាការឯកភាព ខេត្តមេត្តា ជួយមើលករណីមន្ត្រីយោធាឈ្មោះណាក់ និងសមត្ថកិច្ចធ្វើបាបពលរដ្ឋ រកសុីដឹកឈើកំបុិកកំប៉ុកខាងលើនេះផង៕