(កំពង់ធំ)៖ រថយន្ដ Land Cruiser ស៊េរីទំនើបមួយគ្រឿង បុកម៉ូតូដែលជិះឆ្លងថ្នល់បណ្ដាលឲ្យឆេះស្លាប់ភា្លមៗ នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំប្រាសាទ ស្រុកប្រាសាទបាល្ល័ង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកLand Cruiser ពាក់ស្លាកលេខភ្នំពេញ 2Z-0126 បើកបរក្នុងទិសដៅពីជើងទៅត្បូង សំដៅមកភ្នំពេញ លុះដល់ចំណុចកើត ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ កំពុងឆ្លងថ្នល់ ក៏បុកពេញទំហឹង បណ្ដាលឲ្យផ្ទុះម៉ូតូឆេះ ស្លាប់អ្នកបើកបរនៅកន្លែងកើតហេតុភ្លាមៗ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានយកវត្ថុតាងទាំង២ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់៕