(កំពង់ចាម)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឺងត្រង់ ក្រោមការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់បានមេក្លោង ចែកចាយនិងបក្ខពួកសរុប៥នាក់។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ​នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិចេកឈ្វា​ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុប៥នាក់ រួមមាន ទី១៖ឈ្មោះ ថង ហេង អាយុ២០ឆ្នាំ, ទី២៖ឈ្មោះ ណែប វណ្ណៈ ​អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ សុខ ជា អាយុ១៦ឆ្នាំ, ទី៤៖ឈ្មោះ គ្រុយ បារាំង អាយុ៣៨ឆ្នាំ និងទី៥៖ឈ្មោះ ឆេង មករា អាយុ៣៤ឆ្នាំ។

លោកមេបញ្ជាការ បញ្ជាក់ថា ក្រោយឃាត់ខ្លួនជំនាញដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ម៉ាទឹកកក៤៨កញ្ចប់, ម៉ូតូ៤គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដ៕