(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញ លោក ធីន ច ប្រធានាធិបតីមីយ៉ាន់ម៉ា ឬតំណាងប្រទេសនេះម្នាក់ មកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែឧសភា ខាងមុខនេះ។ នេះបើតាមការអះអាងរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បានអះអាងនៅលើ Facebook របស់លោកនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ យ៉ាងដូច្នេះថា «សម្តេចតេជោអញ្ជើញប្រធានាធិបតីមីយ៉ាន់ម៉ា ឬ តំណាង មកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅកម្ពុជាក្នុងឆ្នាំនេះ»

សូមបញ្ជាក់ថា ប្រទេសកម្ពុជា​ នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការថា ការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ គឺជាមោទនភាពជាតិមួយសម្រាប់កម្ពុជា៕