(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតហើយ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានបន្តចុះ​សាកសួរ​សុខ​ទុក្ខ​ ប្រជាពលរដ្ឋក្រីក្រជាជនចាស់ជរាចំនួន៣៦គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយ​ចំនួន ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បី​ចែកជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេ​ងៗ​។

សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះដែរ បាន​ធ្វើនៅ​ល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងវិហ៊ាឥស្លាម គីឡូម៉ែត្រ​លេខ៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិខ​១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ដោយមានការចូល​រួមពីលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ រួមនិងមន្ត្រី​ក្រោមឱវាទ ខណ្ឌ-សង្កាត់ និងក្រុមយុវជន ជាច្រើននាក់ផង​ដែរ​។  

​លោក ជា ពិសី អភិបាលខ ណ្ឌឫស្សីកែវ និងលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានលើកឡើងស្រដៀងៗគ្នាថា ជាថ្មីម្ដងទៀតហើយ ដែល ក្រុមការងារអនុសា​ខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកនូវអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា គឺ​សម្រាប់ចែកជូនចំពោះ​តែបងប្អូនប្រជាពលរដ្ឋ​ក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឫមានផ្ទុកមេរោគជាដើម​។

លោក ជា ពិសី បានថ្លែងថា ពិសេស ជានិច្ចជាកាលសម្ដេច​តែងតែផ្ដាំផ្ញើសាកសួរសុខទុក ចំពោះបងប្អូនប្រជាព​លរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាស ពណ៍សម្បុរ ឫនិន្នា​ការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់​សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជា​សុខទុករបស់លោកទាំង២​។

លោកអភិបាលខណ្ឌ បានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ សូមបងប្អូនប្រជាពលរដ្ឋទាំង​អស់កុំភ្លេចឲ្យសោះ ត្រូវតែនាំគ្នាទៅបោះឆ្នោត​ឲ្យបានគ្រប់ៗ​គ្នាផង ហើយកុំភ័យ កុំខ្លាច ហើយត្រូវពិនិត្យមើល និងសម្រេ​ចចិត្តបោះឆ្នោតជ្រើសរើស ឲ្យបានច្បាស់លាស់ត្រឹមត្រូវ ថា តើអ្នកណា​ផ្ដល់ទាំងការអភិវឌ្ឍន៍ មានទាំងសុខសន្តិភាព ធ្វើ​ឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរ​ជាបន្តបន្ទា​ប់​ដូចបច្ចុប្បន្ននេះ​។

លោកបញ្ជាក់ថា អំណោយដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានយកមកចែកជូនដល់ បងប្អូនប្រជាពលរដ្ឋទាំង៣៦គ្រួសារ នាពេលនេះរួមមាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរស្មើ១០កំប៉ុង ឃីត១ (មានក្រម៉ា១ សារុង១ ម៊ុង១ ភួយ១ និងអាវយ៉ឺត១) រួមនិង ថវិកាចំនួន៣ម៉ឺនរៀល៕