(កែប)៖ យុវតីសិស្សសាលាម្នាក់ ពេលកំពុងជិះចេញពីរៀនគួរបន្ថែមម៉ោង ក៏ត្រូវជនសង្ស័យ២នាក់ ធាក់ម៉ូតូឲ្យដួលហើយយកចេញទៅបាត់។ ហេតុកការណ៍នេះ កើតឡើងនៅម៉ោង៦៖៤៥យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ​នៅចំណុចខាងជើងវត្តកែវក្រសាំងចម្ងាយប្រហែល២០០ម៉ែត្រ តាមផ្លូវជាតិលេខ៣៣A ស្ថិតនៅភូមិកែវក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្តកែប​។

មន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្ម​ភាពនេះ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ2009 គ្មានផ្លាកលេខ។ ដោយឡែកយុវតីរង គ្រោះឈ្មោះ ​សៅ ស្រីនី អាយុ១៥ឆ្នាំ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ គ្មានផ្លាកលេខ ទើបទិញពីព្រឹកមិញ​នេះ។

នគរបាលបញ្ជាក់ថា ​ជនសង្ស័យជិះកៀរម៉ូតូជនរងគ្រោះ ដែលចេញពីរៀនបន្ថែម(គួរ) បណ្តាលឲ្យដួល រួចពួកវាចុះជួយលើកម៉ូតូជនរងគ្រោះ ហើយក៏ជិះចេញទៅ​ទិសខាងជើង តាមផ្លូវជាតិសំដៅទៅផ្សារដំណាក់ចង្អើរបាត់ទៅ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវដើម្បីស្វែករកមុខសញ្ញា៕