(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាត បូកសរុបលទ្ធផលអនុវត្តន៍ការងារឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧ របស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងបំពាក់ឋានន្តរស័ក្កិ ជូនមន្ត្រីនគរបាលជាតិចំនួន១៣រូបផងដែរ។

ពិធីនេះដែរ ក៏មានវត្តមានចូលរួម ពីអភិបាលរងខណ្ឌឫស្សីកែវ លោក ស៊ូ សោគន្ធ និងលោក លីន ញ៉ក់ រួមនិងអធិការ អធិការរងខណ្ឌ មេបញ្ជាការ មេបញ្ជាការរងអាវុធ​ហត្ថខណ្ឌ និងនាយរងការិយាល័យធនធានមនុស្ស ព្រមទាំងមន្ត្រីនគរបាលខណ្ឌឫស្សីកែវ ជាច្រើននាក់ផងដែរ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងអាគារA នៃសាលាខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នានោះដែរ លោក ជា ពិសី បានថ្លែងថា តាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដាក់ចេញ យុទ្ធនាការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេសលើកទី១ រយះពេល៦ខែ ដំបូងនេះសម្រាប់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកការស្រាវជ្រាវ ក៏ដូចជា បង្ក្តាបជាក់ស្ដែង នូវបទល្មើសគ្រឿងញៀនបានជាច្រើនករណី និងឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ដោយរាប់គិតពីថ្ងៃទី០១ ខែមករា រហូតមកទល់បច្ចុប្បន្ន។

លោកបន្តថា សូមឲ្យកម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើយ៉ាងណាជួយបង្ក្រាបឲ្យអស់នូវល្បែងស៊ីសង ជាពិសេសល្បែងហ្គេមបាញ់ត្រី នៅក្នុងមូលដ្ឋាន ពាក់ព័ន្ធភូមិ-សង្កាត់​មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកថា លោកនិងលោកស្រី អាន ផល្លា ជាភរិយាសូមជូននូវថវិកាចំនួន៤លានរៀល ដល់មន្ត្រីនគរបាល និង២លានរៀលទៀត សម្រាប់កម្លាំងអាវុធហត្ថខណ្ឌ ព្រមទាំងជូន​ក្រណាត់ក្នុងម្នាក់ៗ ចំនួន១ដុំផងដែរ។

ដោយឡែក លោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា បានថ្លែងថា បន្ទាប់ពីមានការណែនាំពី អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តសេនីយ៍ ជួន សុវណ្ណ អធិការខណ្ឌ សូមបន្តអនុវត្តន៍ធ្វើជាសេនាធិការឲ្យលោកអភិបាលខណ្ឌឫស្សីកែវបន្តទៀតផងដែរ ដើម្បីពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នា​ប់តាមមូលដ្ឋាន៕