(កំពត)៖ សត្វអណ្តើកសមុទ្រជិតដាច់ពូជចំនួន០២ក្បាល ដែលមានទម្ងន់សរុបជាង២០០គីឡូក្រាម ត្រូវបានរៀបចំព្រលែងឲ្យ ចូលទៅរស់នៅក្នុងទឹកសមុទ្រវិញ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងសមុទ្រនៃសហគមន៍អ្នកនេសាទកែប ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ពិធីព្រលែងប្រភេទសត្វកម្រនេះបានធ្វើឡើង ក្រោមការចូលរួមពីលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីរាជការពាក់ព័ន្ធ និងប្រជានេសាទប្រមាណ៥០នាក់។

លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានប្រាប់ឲ្យដឹងថា អណ្តើកសមុទ្រខាងលើមានចំនួន០២ក្បាល អាយុជាង៧០ឆ្មាំ  ញីទម្ងន់១១០គីឡូក្រាម និងឈ្មោលទម្ងន់១២០គីឡូក្រាម ត្រូវក្រុមអធិការកិច្ច នៃខណ្ឌរដ្ឋបាលជលផលកំពត ចេញល្បាត នៅម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏ប្រទះឃើញទូកនេសាទអូស០១គ្រឿង នៅចំណុចខាងកើតកោះការាំង ស្ថិតក្នុងឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយកម្លាំងបានឃាត់ឆែកឆេរទូក ក៏ឃើញអណ្តើក០២ក្បាលខាងលើនេះ បន្ទាប់មករឹបអូសពីអ្នកនេសាទ យកមកទុកនៅឯខណ្ឌរដ្ឋបាលជលផលកំពត។

កម្លាំងក៏បានណែនាំអ្នកនេសាទ និងជួយអំពាវនាវដល់អ្នកនេសាទដ៏ទៃ ធ្វើយ៉ាងណា បើជួបសត្វសមុទ្រដ៏កម្រ ឬជិតដាច់ពូជ ដូចជាសត្វជ្រូកទឹក ត្រីផ្សោត សេះសមុទ្រ អណ្តើកជាដើម ។ល។ ត្រូវរាយការណ៍មកអាជ្ញាធរ ឬស្ថាប័នជំនាញ ដើម្បីអភិរក្សពពួកអស់សត្វទាំងនោះ ដោយយោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ ស្តីពី «ប្រភេទសត្វកំពុងរងគ្រោះ និងប្រភេទសត្វកម្រ»។

លោក ស សុរិន បន្តថា ការព្រលែងសត្វអណ្តើកលើកនេះ ជាលើកទី៩ហើយ សរុបចំនួន១០ក្បាល៕