(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្ក្រាបករណីជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ ឃាត់ខ្លួនជន​សង្ស័យ៤នាក់ ដកហូតថ្នាំញៀនមួយចំនួន ព្រមទាំងឧបករណ៍បម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀត។ ប្រតិបត្តិការបង្ក្រាបនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចត្រពងពង់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងសម្រួលទីតាំងឲ្យប្រើប្រាស់​សារធាតុ​ញៀន ដោយខុសច្បាប់ខាងលើនេះ កម្លាំងរបស់លោកបានឃាត់ខ្លួនមុខសញ្ញាជាក់ស្តែង០៤នាក់ រួមមាន៖ ១-ឈ្មោះ វ៉ាន់ កក្កដា (ហៅងូក) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ២-ឈ្មោះ ងន ភាព  ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ៣-ឈ្មោះ ទូច ណែត ភេទប្រុស  អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និង៤-ឈ្មោះ ណម ឌី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៤កញ្ចប់ ក្នុងនោះកញ្ចប់ធំ ០១កញ្ចប់ ដុំម៉ូទ័រឆក់ត្រី០១ អាយុ៥០A ១គ្រឿង ម៉ូតូ ២គ្រឿង លុយខ្មែរ ៤ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ និងវត្ថុតាង យើងបានកំពុងបំពេញសំណុំរឿង ដើម្បីបញ្ជូនឱ្យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕