(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម ដែលគេសង្កេតឃើញ មានមន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីសាធារណការ បានដាក់គោលដៅត្រួតពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស នៅលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងទឹកដីខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ក្នុងយុទ្ធនាការរឹតបន្តឹងចាប់រថយន្តតទ្រុងខុសបច្ចេកទេស ដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របសស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ច បានឃាត់រថយន្តដឹកជញ្ជូនតទ្រុងខុសបច្ចេកទេស ពាក់ស្លាកលេខ ខ.ម មួយគ្រឿង ក្បាលពណ៌លឿង និងមានស្លាកអក្សរ «M» នៅពីមុខរថយន្ត និងលើទ្វារចំហៀង ប៉ុន្តែការឃាត់ទុកបានត្រឹមមួរយៈខ្លីប៉ុណ្ណោះ ក៏មានអន្តរាគមន៍ពីខាងលើ ទើបសមត្ថកិច្ចដែលនៅប្រចាំការគោលដៅនោះ សុខចិត្តព្រលែងឲ្យបន្តដំណើរទៅមុខ មិនបានកាត់ទ្រុងដែលក្រុមមន្រ្តីបានគូសសញ្ញារួចទៅហើយនោះ។

មន្រ្តីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ខ្លាចរងការស្ដីបន្ទោសពីថ្នាក់លើ បានលួចប្រាប់អង្គភាព Fresh News ឲ្យជួយចុះផ្សាយយ៉ាងដូច្នេះថា រថយន្តដែលត្រូវឃាត់ទុកដឹកទំនិញតទ្រុងខុសបច្ចេកទេសមួយគ្រឿងនេះ ពាក់ស្លាកលេខ ខេមរភូមិន្ទ02-3-0108 ប៉ុន្តែពេលឃាត់ភ្លាម អ្នកបើករថយន្តបានចុចទូរស័ព្ទរកខ្វាត់ខ្វែងសុំអន្តរាគមន៍ពីមេកើយរបស់ខ្លួន ទើបមួយសន្ទុះក្រោយមក ក្រុមមន្រ្តីក៏អនុញ្ញាតឲ្យបន្តដំណើរ ដោយគ្មានវិធានការនោះទេ។

មន្រ្តីរូបនេះក៏មិនបានដឹងថា ថ្នាក់លើកំពូលណាម្នាក់ដែលអន្តរាគមន៍ឲ្យដោះលែងរថយន្តនេះឡើយ គ្រាន់តែដឹងថា ជាមន្រ្តីយោធាជាន់ខ្ពស់មួយរូប ដែលរកស៊ីខាងដឹកជញ្ជូនទំនិញ នៅក្នុងប្រទេស។

សូមបញ្ជាក់ថា កាលពីព្រឹកមិញ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំខែ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាថ្មីឲ្យមន្រ្តីដែលចុះបង្រ្កាបរថយន្តតទ្រុងខុសបច្ចេកទេស ត្រូវកាត់ទ្រុងរថយន្តតខុសលក្ខណៈបច្ចេកទេសនៅនឹងកន្លែង ដោយមិនអនុញ្ញាតឲ្យម្ចាស់រថយន្តយកទៅកាត់ខ្លួនឯងនោះឡើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា វិធានការថ្មីនេះ ដើម្បីបញ្ចៀសការរិះគន់របស់ប្រជាពលរដ្ឋថា ការអនុវត្តន៍ចំណាត់ ការកាត់ទ្រុងរថយន្តធ្វើមិនស្មើភាព មានភាពលំអៀងរវាងអ្នកមាន និងអ្នកក្រ។

ក្រៅពីការដាក់បទបញ្ជាឲ្យកាត់ទ្រុងរថយន្តតខុសបច្ចេកទេសនៅនឹងកន្លែងហើយនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាឲ្យ ចុះបិតយានដ្ឋានទាំងឡាយណា ដែលមិនព្រមទៅសុំច្បាប់ពីក្រសួងផងដែរ ព្រោះពេលវេលាទុកឲ្យម្ចាស់យានដ្ឋានខុសច្បាប់ទៅសុំពាក្យ ពីក្រសួងនោះបានផុតតាំងពីខែកញ្ញា ឆ្នាំ២០១៦មកម្ល៉េះ៕