(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបង្ហោះ រូបភាពភរិយារបស់សម្តេច ជាមួយនឹងសួនបន្លែយ៉ាងស្រស់​ស្អាតនៅជុំវិញផ្ទះ លើបណ្តាញសង្គម Facebook។ សម្តេច បញ្ជាក់ថាផ្ទះរបស់សម្តេច មិនមានសួនផ្កានោះទេ ប៉ុន្តែបានយកបន្លែ ទាំងនោះជំនួសសួនវិញ។

សម្តេច ហេង សំរិន បានលើកឡើងថា ភរិយារបស់សម្តេច គឺលោកស្រី សៅ ទី បានដាំបន្លែនៅជុំវិញផ្ទះ ដើម្បីធ្វើសួន ដែលបន្លែនេះ ត្រូវយកមកទទួលទាន ដើម្បីសុខភាព។ សម្តេច ហេង សំរិន បានសរសេរ យ៉ាងដូច្នេះថា «ផ្ទះខ្ញុំ ពុំមានសួនច្បារផ្កាភ្ញីអ្វីទេ។ ភរិយារបស់ខ្ញុំដាំជំនួសដោយសួនដំណាំ បន្លែបង្កាផ្សេងៗ តាមធម្មជាតិគ្មានគីមី ទុកគ្រាន់បរិភោគ»

ទន្ទឹមនឹងការលើកឡើងអំពីបន្លែធម្មជាតិនេះ សម្តេច ហេង សំរិន ក៏បានជំរុញឱ្យ យុវជន ប្រជាពលរដ្ឋខ្មែរ ដាំបន្លំនៅជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផង និងសម្រាប់ ទទួលទានដើម្បីសុខភាពផង។ សម្តេចបញ្ជាក់បន្ថែមថា «បើក្មួយៗ ចៅៗ ឧស្សាហ៍ព្យាយាមធ្វើដូច្នេះបាននៅជុំវិញផ្ទះ គឺជាការល្អណាស់ សម្រាប់ដោះស្រាយ ជីវភាពផង និងដើម្បីសុខភាពផងដែរ»

សម្តេច ហេង សំរិន ក៏បានជូនពរប្រជាពលរដ្ឋ យុវជនខ្មែរ ក្នុងឱកាសសំរាកចុងសប្តាហ៍។ សម្តេចថ្លែងថា «សូមធ្វើអ្វីៗ ដែលមានប្រយោជន៍ សំរាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ»