(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលរស់នៅក្នុងភូមិព្រៃផ្គាំ.គ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ បាននឹងកំពុងជួបប្រទះ នូវជីវភាពខ្វះខាតជាខ្លាំងក្នុងការរស់នៅ ដោយរកព្រឹកខ្វះល្ងាច។

ប្រជាពលរដ្ឋទាំង២គ្រួសារនេះ ដោយមួយគ្រួសារជាស្ត្រីមេម៉ាយ ប្តីស្លាប់ចោល រស់នៅចិញ្ចឹមកូន ដើរបេះបន្លៃ និងមួយគ្រួសារទៀត ជាគ្រួសារយាយតា ចាស់ជរា ចឹញ្ចឹមចៅក្នុងបន្ទុក។  

ដោយមើលឃើញ ពីការលំបាកនេះ លោក ហ៊ុយ ក្រេង ដែលជានាយកគ្រប់គ្រង សាលាអន្តរជាតិភាសាបរទេស ដែលបានផ្តល់អាហារូបករណ៍ ដល់ក្មេងក្នុងបន្ទុក​គ្រួសារទាំង២ខាងលើនេះ សិក្សាដោយឥតគិតថ្លៃនោះ និងបានថតវីដេអូឃ្លីបបង្ហោះ ដើម្បីស្វែងរកសប្បុរសជនជួយ គ្រួសារទាំង២នេះផង។

លោកយាយ មិញ អ៊ឹង ដែលមានជីវភាពខ្វះខាតខ្លាំង និយាយថា សព្វថ្ងៃនេះ លោកយាយមានជីវភាពខ្វះខាតជាខ្លាំង ដោយខ្វះខាតថវិកាចិញ្ចឹមចៅ។ជាមួយគ្នានេះដែរ លោកយាយបានអំពាវនាវដល់ សប្បុរសជនទាំងអស់ មេត្តាឲ្យជួយក្រុមគ្រួសារគាត់ផង ដើម្បីឲ្យកូនចៅ បានបន្ដការសិក្សានឹងគេ។

ជាមួយគ្នានេះ អ្នកស្រី អ៊ុន ផត ដែលជាស្ត្រីមេម៉ាយ មានជីវភាពខ្វះខាត បាននិយាយថា «ខ្ញុំមានការលំបាកជាខ្លាំង ហើយជីវភាពវិញខ្វះខាតខ្លាំង  សូមសប្បុរសជនទាំងអស់ ជួយដល់ក្រុមគ្រួសារផង»

លោក ហ៊ុយ ក្រេង បានបញ្ជាក់ឲ្យដឹងថា តាមពិតនៅភូមិឃុំរបស់លោក មិនមែនមានតែប្រជាពលរដ្ឋ២គ្រួសារនេះទេ ដែលខ្វះខាតជីវភាពខ្លាំងនោះ គឺមានចំនួន៥គ្រួសារ ដែលមើលទៅពិបាកខ្លាំងមែនទែន។

លោកថា ដើម្បីជួយដល់ក្មេងៗក្នុងគ្រួសាទាំងនោះ លោកបានផ្តល់ការសិក្សាដល់ពួកគេឥតបង់ថ្លៃឡើយ ហើយលោកសង្ឃឹមថា សប្បុរសជននឹងជួយដល់ពួកគាត់៕