(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទ​បញ្ជាថ្មីឲ្យមន្រ្តីដែលចុះបង្រ្កាបរថយន្តតទ្រុងខុសបច្ចេកទេស ត្រូវកាត់ទ្រុងរថយន្តតខុសលក្ខណៈបច្ចេកទេសនៅនឹងកន្លែង ដោយមិនអនុញ្ញាតឲ្យម្ចាស់​រថយន្តយកទៅកាត់​ខ្លួនឯងនោះឡើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា វិធានការថ្មីនេះ ដើម្បីបញ្ចៀសការរិះគន់របស់ប្រជាពលរដ្ឋថា ការអនុវត្តន៍ចំណាត់ ការកាត់ទ្រុងរថយន្តធ្វើ​មិនស្មើ​ភាព មានភាពលំអៀងរវាងអ្នកមាន និងអ្នកក្រ។

ការដាក់ចេញបទបញ្ជាថ្មីរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និង បូកសរុបលទ្ធផលការងារ នៃការអនុវត្តច្បាប់ចរាចរណ៍​ផ្លូវគោក​ប្រចាំខែ។ កិច្ចប្រជុំបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួម ពីមន្រ្តីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូនមួយចំនួនទៀត។

ក្រៅពីការដាក់បទបញ្ជាឲ្យកាត់ទ្រុងរថយន្តតខុសបច្ចេកទេសនៅនឹងកន្លែងហើយនោះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាឲ្យ ចុះបិតយានដ្ឋានទាំងឡាយណា ដែលមិនព្រមទៅសុំច្បាប់ពីក្រសួងផងដែរ ព្រោះពេលវេលាទុកឲ្យម្ចាស់យានដ្ឋានខុសច្បាប់ទៅសុំពាក្យ ពីក្រសួងនោះបានផុតតាំងពីខែកញ្ញា ឆ្នាំ២០១៦មកម្ល៉េះ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ១៤០២គ្រឿង ត្រូវបានកាត់ទ្រុងចាប់តាំងពីថ្ងៃដាក់ចេញយុទ្ធនាការខែតុលា ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៧។ ក្នុងនោះពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០១៦ មានចំនួន ១២៦៩គ្រឿង និង ខែមករា ឆ្នាំ២០១៧ មានចំនួន ១៣៣គ្រឿង។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ បានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ សកម្មភាពការងារប្រចាំខែមករា ឆ្នាំ២០១៧ ស្តីពីការត្រួតពិនិត្យ​តាមដានការអនុវត្តច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដែលចងក្រងដោយគណៈកម្មាធិការ។ របាយការណ៍បានផ្តោតសំខាន់លើបញ្ហាចម្បងមួយចំនួនទាក់ទងការតាក់ តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ និង ឯកទេសជំនាញលទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រតិកម្មរបស់សាធារណជន បញ្ហា និង ភាពប្រឈមផែនការ និង ទិសដៅ​អនុវត្ត​ការងារបន្ត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសុំការយោគយល់ពីប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញ ចំពោះការរំខាន ក៏ដូចជាបញ្ហាកកស្ទះ ចរាចរណ៍កើតចេញពីការជួសជុល និងថែទាំងផ្លូវ។ លោក ស៊ុន ចាន់ថុល ថា ការជួសជុលថែទាំផ្លូវក្នុងរាជធានីភ្នំពេញចំនួន ៥៧ខ្សែ មានរយៈពេលតែ ៣ខែប៉ុណ្ណោះ អាស្រ័យហេតុនេះ​ហើយទើបមានការសម្រុកជួសជុលឲ្យបានឆាប់រួចរាល់។

សម្រាប់ការគូសគំនូសផ្លូវវិញ លោក ស៊ុន ចាន់ថុល បានណែនាំឲ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ធ្វើនៅពេលយប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕