(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកសវនការ និងលើកពេលដោយមិនកំណត់ ចំពោះសវនាការជំនុំជម្រះ រឿងអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់។

មន្រ្តីតុលាការបាននិយាយថា ការស​ម្រេចលើកពេលនេះ ដោយសារតែមានសំណូមពរពីអ្នកស្រី ទេព វន្នី ដោយគាត់ថា មិនស្រួលខ្លួនមានអាការៈអស់កម្លាំង បន្ទាប់ពីនាំពីពន្ធនាគារទៅដល់សាលាដំបូង ភ្លាមៗ។ យ៉ាងណាក៏ដោយ បន្ទាប់ពីសម្រេចផ្អាកនេះ តុលាការក៏បានបញ្ជូនអ្នកស្រី ទេព​ វន្នីទៅកាន់ពន្ធនាគារព្រៃស​វិញផងដែរ។

សូមបញ្ជាក់ អ្នកស្រី​ ទេព​ វន្នី​ ត្រូវបាន​ចោទ​ពី​បទប្រកាន់ពីបទហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស  ប្រព្រឹត្តនៅ ក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣។

អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជាមួយសកម្មជនដីធ្លីម្នាក់ទៀតគឺអ្នកស្រី បូវ សោភា អំឡុងពេលអ្នកទាំងពីរចូលរួមការប្រមូលផ្ដុំធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ ប៉ុន្តែក្រោយមក អ្នកស្រី បូវ សោភា ត្រូវបានដោះលែងវិញ ក្រោយអនុវត្តទោស លើកលែងតែអ្នកស្រី ទេព វន្នី ដែលគាត់ជាប់ពាក់ព័ន្ធនឹងសំណុំរឿងខាងលើ៕