(ភ្នំពេញ)៖ តាមរបាយការណ៍ បូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ (១៣ខែ) រថយន្ត និងម៉ូតូដែលល្មើសច្បាប់ចរាចរណ៍ បានបង់ប្រាក់ពិន័យជាប្រាក់ជិត ២២ពាន់លានរៀល។

របាយការណ៍បានបញ្ជាក់ថា ក្នុងប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងខែមករានោះ បានធ្វើការផាកពិន័យរថយន្ត និងម៉ូតូដែលល្មើសច្បាប់ចំនួន ៤៨,៩១៧គ្រឿង ដោយបានបង់ប្រាក់ពិន័យ សរុបទាំងអស់ ២១,៦៧១,២៨៥,០០០រៀល គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ (១៣ខែ)។

របាយការណ៍បានបន្តថា កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យយានយន្ត ចំនួន ៥១៧,០៤៣គ្រឿង ក្នុងនោះរកឃើញយានយន្តដែលល្មើសច្បាប់ ចំនួន ៦៧,២៣១គ្រឿង និងបានអប់រំដល់ម្ចាស់រថយន្ត ១៨,៣១៤គ្រឿង ផងដែរ។

បើតាមរបាយការណ៍ដដែល បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង ក្នុងខែមករា ឆ្នាំ២០១៧ មាន៣៧៦លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ១៨៥នាក់ និងរងរបួស ៥៧៤នាក់ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ មានកើនឡើង ៥៥លើក ស្មើនឹង១៧ភាគរយ៕