(ឧត្តរមានជ័យ​)៖​ យ៉ាងហោចណាស់ក៏មានបុរស ២នាក់ ជាឪពុក​និងកូន បានស្លាប់យ៉ាងអាណោចអាធ័ម និងមានអ្នករងរបួស ២នាក់ទៀត ក្នុងហេតុការណ៍ផ្ទុះ​គ្រាប់មីន​មួយ​ដ៏កក្រើក ស្ថិតនៅភូមិចាថ្មី​ ឃុំ​ទំនប់ដាច់​ ស្រុកត្រពាំងប្រាសាទ​ ត្រង់ចំណុច VA ៣៨២០០-៨៦៣០០។

សមត្ថកិច្ច​មូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលម៉ិញ។ ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ឆាយ​ បឿន អាយុ៦៥ឆ្នាំ ត្រូវជាឪពុក​ និងឈ្មោះ ប៉េង​ ស៊ីម​ អាយុ១៣ឆ្នាំ ត្រូវជាកូន រស់នៅភូមិត្រពាំងបី​ ឃុំព្រះប្រឡាយ​ ស្រុកត្រពាំងប្រសាទ​។ ចំណែកអ្នករងបួសមានឈ្មោះ រស់​ ភាន អាយុ៥៥ឆ្នាំ​ រងរបួសដៃទាំងស្រាល​ និងឈ្មោះ ឈិន​ ប៊ុនធឿន​ រងរបួសស្រាល រស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច​បានបញ្ជាក់ថា​ មុនពេលកើតហេតុ ក្រុមជនរងគ្រោះបាននាំគ្នាចូលទៅជីកកកាយដីយក​គល់ឈើបេង​ ដោយមិនបានប្រុងប្រយ័ត្ន​ ក៏ទៅប៉ះគ្រាប់មីន​ដែលនៅជិតនោះតែម្ដង ​ទើបបណ្តាលឲ្យផ្ទុះគ្រាប់ស្លាប់ និងរបួសតែម្តង​។

ក្រោយពីកើតហេតុ​ ជនរងគ្រោះទាំងអស់ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ​។ ចំណែកសាកសពជនរងគ្រោះទាំងពីរ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ​ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕