(បាត់ដំបង)៖ កម្លាំងអាវុធហត្ថបានបង្ក្រាបជនជួញដូរគ្រឿងញៀន២ស្រុកផ្សេងគ្នា ក្នុងនោះមានស្រុកសង្កែនិងក្រុងបាត់ដំបង ចាប់បានជនសង្ស័យស្រីប្រុស៣នាក់ និងម៉ាទឹកកក១៤ថង់ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់។

តាមរបាយការណ៍មន្រ្តីជំនាញអាវុធហត្ថបានឲ្យដឹងថា លើកទី១ នៅម៉ោង១៣៖៣០នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧ ភូមិបោះពោធិ ឃុំអូរដំបង១ ស្រុក សង្កែ ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនករណីជួញដូរគ្រឿងញៀនដោយបានឃាត់ខ្លួនជនសង្ស័យ១នាក់ មានឈ្មោះ ម៉ៅ រតនា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ តាតុក២ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដកហូតបានគ្រឿងញៀនម៉ាទឹកកក១កញ្ចប់ទម្ងន់០,៥១ ក្រាម , ទូរស័ព្ទដៃ៣គ្រឿង, កាំភ្លើងខ្យល់២ដើម និងថង់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា លើកទី២ នៅម៉ោង១៧៖៣៥នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់មាន៖ទី១-ឈ្មោះ វ៉ា សុគន្ឋទិត្យា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ទី២-ឈ្មោះ សួន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង វត្ថុតាងដកហូតបានរួមមាន៖គ្រឿងញៀនម៉ាទឹកកក១៣កញ្ចប់ ទម្ងន់២,០៩ក្រាមទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានទាំង២ស្រុកសរុប១៤ថង់មានទម្ងន់ស្មើនឹង២.៦០ក្រាម ត្រូវបានសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តរួចហើយ​​ ៕