(ពោធិ៍សាត់)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះថា កំលាំងជំនាញស៉ីម៉ាក់​ កំលាំងកងខេមរភូមិន្ទ​ និងកងនគរបាល​ ដែលឡើងលើភ្នំទៅកំទេចគ្រាប់លាក់ទុក សម័យសង្គ្រាម​នៅស្រុកវាលវែង​ ខេត្តពោធិ៍សាត់​នោះបានគំទេចចោលគ្រាប់ទាំងអស់ចំនួន១២៣០គ្រាប់ ដោយជោគជ័យ។

លោកថា តាមការរាយការណ៍ដំបូងថា មានចំនួនប្រមាណ៥០០គ្រាប់ ប៉ុន្តែជាក់ស្តែងមានរហូតដល់ជាង១២០០គ្រាប់។

អគ្គនាយកស៉ីម៉ាក់រូបនេះ ក៏បានថែ្លងអំណរគុណមន្ត្រីជំនាញ​ទាំងអស់​ ដែលបានពុះពាររាល់ឧបសគ្គ លំបាកស្មុគស្មាញ​ ទាំងភូមិសាស្ត្រ និងមធ្យោបាយគាំទ្រប្រតិបតិ្តការ​ ដើម្បីសំរេចបានការកំទេចចោលគ្រាប់យុទ្ធភ័ណ្ឌទាំងនេះ​ ដើម្បីធានាបានសេចក្តីសុខសុវតិ្ថភាពជូនជាតិ និងប្រជាជន។

លោកថា គ្រាប់ជាង១២០០គ្រាប់ ដែលសុទ្ធតែជាប្រភេទរ៉ុកកែតបាញ់បុញ​នេះ​ ​(rocket launchers)​ ប្រសិនប្រើប្រាស់ក្នុងការវាយប្រយុទ្ធគ្នាវិញ​ អាចបាញ់សម្លាប់គូសត្រូវយ៉ាងសាហាវ​ អាចបាញ់កំទេចសាលា​ វត្តអារាម​ ផ្ទះសំបែង​ ជាពិសេសរថយន្តគ្រប់ប្រភេទ​។

ជាមួយគ្នាននេះ លោកក៏បានអំពាវនាវ ដល់យុវជនជំនាន់ក្រោយ ដែលមិនធ្លាប់មានពិសោធន៍ ពីបញ្ហាសង្គ្រាមស៉ីវិល នៅក្នុងប្រទេសកម្ពុជា​ ត្រូវខិតខំស្វែងយល់ឲ្យបានស៉ីជំរៅបំផុត អំពីសោកវិនាសកម្ម និងផលលំបាកនៃសង្គ្រាម​នោះ នឹងអាចយល់ពីតំលៃពិតនៃសន្តិភាព ដែលកំពុងមានបច្ចុប្បន្ន មានន័យនិងផលប្រយោជន៍ធំធេងយ៉ាងណា៕