(ភ្នំពេញ)៖ ពីរនាក់ឪពុក និងកូនបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះចរាចរណ៍មួយ ទាំងកណ្ដាលភ្លៀង បន្ទាប់ពីពួកគាត់បានបើករថយន្ត១គ្រឿង ចេញពីកន្លែងញ៉ាំអាហារត្រឡប់ទៅផ្ទះវិញ ខណៈបើករថយន្តជ្រុលទៅបុកថ្មទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខ្ទេចខ្ទីអស់មួយកំណាត់មុខ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១៖២០នាទី យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្រោយជួបគ្រោះថ្នាក់ជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តសាមុយ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាម។

ស្រ្តីជាប្រពន្ធជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានបើករថយន្តម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2G-7077 ចេញពីញ៉ាំអីត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ គួបផ្សំនឹងមេឃធ្លាក់ភ្លៀងរលឹមផង ក៏រេចង្កូតជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យបុរសជាប្តីរងរបួសធ្ងន់ នឹងកូនប្រុសរងរបួសស្រាល ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខផងដែរ។

ក្រោយកើតហេតុរថយន្តត្រូវបានកម្លាំងជំនាញ ចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក នៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕