(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអះអាងជាថ្មីថា គោលនយោបាយកែសម្រួល ថ្លៃសំបុត្រចូលទស្សនាអង្គររបស់ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ពោលគឺមិនមានការប៉ះពាល់ ដល់អារម្មណ៍របស់ភ្ញៀងទាំងនោះឡើយ។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី១ និងទី២ ខែកុម្ភៈ គឺនៅ២ថ្ងៃដំបូង នៃការអនុវត្តការកែសម្រួលថ្លៃសំបុត្រ ចូលទស្សនាអង្គរនេះ គឺនៅតែមានភ្ញៀវទិញសំបុត្រចូលទស្សនាយ៉ាងច្រើន។

លោកបានបន្តថា តាមរបាយការណ៍សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ភ្ញៀវទិញសំបុត្រចូលទស្សនាសរុបចំនួន ៨,៧៤៥នាក់ កើន២៣.៧៦ភាគរយ ប្រៀបរយៈពេល ដូចគ្នា នៅឆ្នាំ២០១៦ (៧,០៦៦នាក់) ចំណូលសរុបក្នុងថ្ងៃ ៤០៥,១៥០ភាគរយ កើន៩០.៦៥ភាគរយ (ឆ្នាំ២០១៦ មាន២១,២៤៦០នាក់)។ ក្នុងនោះភ្ញៀវទិញសំបុត្រ សម្រាប់រយៈពេល១ថ្ងៃ មានចំនួន ៥,៥០៨នាក់, ៣ថ្ងៃមានចំនួន ៣,១៧១នាក់ និង៧ថ្ងៃមានចំនួន៧២នាក់។

សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ភ្ញៀវសរុបមានចំនួន ៩,០៧៥នាក់ កើន១៤.១៣ភាគរយ ប្រៀបរយៈពេលដូចគ្នា ឆ្នាំ២០១៦(៧,៩៥១នាក់) ចំណូលសរុបក្នុងថ្ងៃ ៤៤០,០០០ដុល្លារ កើន៨២.៥២ភាគរយ (នៅ២០១៦ មាន២៤១,០៦០ដុល្លារ) ក្នុងនោះភ្ញៀវទិញសំបុត្រ សម្រាប់រយៈពេល១ថ្ងៃ មានចំនួន ៤,៩៦២នាក់, ៣ថ្ងៃមានចំនួន ៣,៩៧២នាក់ និង៧ថ្ងៃ មានចំនួន១៤០នាក់។

លោករដ្ឋមន្រ្តីបានបន្ថែមថា ផ្អែកលើរបាយការណ៍នេះ អាចបញ្ជាក់ច្បាស់ថា ភ្ញៀវទេសចរទូទាំងពិភពលោកនៅតែគាំទ្រ និងធ្វើដំណើរមកទស្សនាអង្គរ កាន់តែច្រើន។ ការកែសម្រួលថ្លៃសំបុត្រចូលទស្សនាអង្គរនេះ ពុំបានប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរនោះទេ។ អង្គរនៅតែជាគោលដៅទេសចរណ៍ ដ៏ល្បីល្បាញ បំផុតសម្រាប់ពិភពលោក និងតំបន់។

ជាងនេះទៅទៀត បើពិនិត្យលើប្រភេទ នៃសំបុត្រដែលភ្ញៀវបានទិញ យើងអាចវាយតម្លៃបានច្បាស់ថា យុទ្ធសាស្ត្រពិពិធកម្មគោលដៅទេសចរណ៍របស់យើង ក៏កំពុងបានទទួលជោគជ័យជាបណ្តើរៗហើយ។ ភ្ញៀវទេសចរ ពេលដែលគេបានសិក្សាលម្អិតគេមានការពេញចិត្ត អ្នកដែលទិញសំបុត្រ ៣ថ្ងៃ ក៏កាន់តែច្រើន ពោលគឺអ្នកសម្រេចចិត្តទិញ ៣ថ្ងៃ គេអាចជាអ្នកដែលមានការសម្រេចចិត្តនៅកម្ពុជាយ៉ាងតិចក្រោម១០ថ្ងៃ ដើម្បីទៅទស្សនាគោលដៅផ្សេងទៀត។ ព្រោះប្រភេទសំបុត្រ៣ថ្ងៃ មានសុពលភាពរហូតដល់ ១០ថ្ងៃ។

ម្យ៉ាងទៀត ភ្ញៀវទេសចរគេមានការពេញចិត្តចំពោះថ្លែលក់ និងប្រព័ន្ធលក់សំបុត្ររបស់យើង ដែលមានលក្ខណៈសមរម្យរស់រវើក មិនបង្ខំឲ្យគេចូលទស្សនា ៣ថ្ងៃ ឬ៧ថ្ងៃជាប់ៗគ្នាឡើយ គឺមានរយៈពេលសុពលភាពសមរម្យ ដែលគេអាចលេងកម្សាន្តនៅកម្ពុជា ឬក្នុងតំបន់បានយូរ។ ប្រភេទសំបុត្រ ៧ថ្ងៃគឺមានសុពលភាពរហូតដល់១ខែ។

លោករដ្ឋមន្រ្តី បានបន្តទៀតថា គេបានដឹងថាចំណូលទាំងឡាយត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋ ហើយគេសប្បាយចិត្តដោយក្នុងថ្លៃសំបុត្រថ្មីនេះ គេបានរួមចំណែកសប្បុរសធម៌ដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផា ផងដែរ។ សូមថ្លែងអំណរគុណដល់ផ្នែកពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលបានផ្តល់នូវកិច្ចសហការបានយ៉ាងល្អ៕