(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកនំាពាក្យ បានឆ្លើយតប និងបានហៅ របាយការណ៍របស់ Freedom House ជាស្ថាប័នមួយបង្កើតឡើងក្នុងទិសដៅជ្រៀតជ្រែកបំផុសបំផុលបំបែកបំបាក់ តាមរយៈរបាយការណ៍ប្រឌិត ហើយស្ថាប័ននេះជាឧបករណ៍ផ្សព្វផ្សាយនៃបណ្តាញគាំទ្របក្សប្រឆាំង។

ការប្រតិកម្មរបស់លោក ផៃ ស៊ីផាន នៅថ្ងៃនេះធ្វើឡើង បន្ទាប់ពីពេលថ្មីៗនេះ ​Freedom House បានចេញរបាយការណ៍ថា កម្ពុជាបានដើរថយក្រោយនៃចំណាត់ថ្នាក់សេរីភាពប្រទេសក្នុងតំបន់។

លោក ផៃ ស៊ីផាន បានរៀបរាប់យ៉ាងដូច្នេះថា៖ «របាយការណ៍របស់ Freedom House ដែលដើរតួក្នុងការដាក់ចំណាត់ថ្នាក់សេរីភាព ដល់ប្រទេសលើពិភពលោក គឺជារបាយការណ៍នយោបាយ ដែលមានគោលបំណងវិទ្ធង្សនា ដើម្បីបម្រើផលប្រយោជន៍របស់បក្សពួកខ្លួនតែប៉ុណ្ណោះ។

សេរីភាពនយោបាយ ឬសេរីភាពដទៃទៀតរបស់ប្រជាពលរដ្ឋ នៃប្រជាជាតិនីមួយៗ មានតម្លៃ និងការទទួលយករបស់គេ ដែលឆ្លើយតបទៅ និងតម្លៃវប្បធម៌របស់ ប្រជាជាតិនីមួយៗ ដែលគេមានខុសៗគ្នា និងមិនអាចដាក់តម្លៃសេរីភាពនោះឲ្យដូចគ្នាបាននោះទេ ពីព្រោះវប្បធម៌ កម្រិតយល់ដឹង និងកម្រិតសេដ្ឋកិច្ច វាខុសៗគ្នា រវាងប្រជាជាតិមួយ និងប្រជាជាតិមួយផ្សេងទៀត។ លោកប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ក៏បានសារភាពចំពោះបរាជ័យនៃ គោលនយោបាយបរទេសរបស់ខ្លួន ក្នុងការជ្រៀតជ្រែកដល់បណ្តាប្រទេសដទៃ ដែលបង្កឲ្យបាត់បង់ស្ថេរភាពនាំមកនូវសង្គ្រាម»

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ទៀតថា៖ «Freedom House ជាស្ថាប័នមួយបង្កើតឡើងក្នុងទិសដៅ ជ្រៀតជ្រែកបំផុសបំផុលបំបែកបំបាក់ តាមរយៈ របាយការណ៌ប្រឌិតរបស់ស្ថាប័ននេះ ដែលជាឧបករណ៌ផ្សព្វផ្សាយនៃបណ្តាញរបស់គេនោះ ដែលដាក់ឈ្មោះខ្លួនឯងជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ធ្វើការបន្តបំពងពង្រីក ធ្វើឲ្យរបាយការណ៍ប្រឌិតនេះ មានឥទ្ធិពលចូលលុកលុយសតិអារម្មណ៍ បង្កឲ្យមានការបែងចែកបែកបាក់ក្នុងសង្គម និងបះបោរ។ ប្រជាជាតិមួយចំនួននៅតំបន់អារ៉ាប់ ទទួលផលអាក្រក់ពីរបាយការណ៍ប្រឌិតនេះ ហើយអ្វីដែលគេចាំនោះគឺ “អារ៉ាប់ស្រ្ពីង” (Arab Spring) ។

ជាបទពិសោធន៍ Freedom House បានធ្វើរបាយការណ៍វាយប្រហារលើការគ្រប់គ្រងនៅ អ៉ីរ៉ាក់ (IRAQ)។ ទីបំផុតជនជាប់ចោទ នៃការធ្វើសង្គ្រាមទន្ទ្រានវាយលុកអ៉ីរ៉ាក់ ដែលបណ្តាញសារព័ត៌មានធំៗ នៅលើពិភពលោកស្ទាក់ស្ទើរ និងនិយាយនោះគឺ ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ជាពិសេសលោក តូនី ប្លែរ (Tony Blair) នៅអង់គ្លេស ដែលមតិសាធារណជនចោទថា ជាឧក្រិដ្ឋជនសង្គ្រាមទៅវិញ។ ខ្ញុំជឿជាក់ថា គេទាំងអស់គ្នាក្នុងពិភពលោកមិនទទួលស្គាល់ Freedom House ជាស្ថាប័នផ្លូវការក្នុងការគ្រប់គ្រងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងលោកនោះទេ»៕