(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការរិះគន់របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ចំពោះថ្ងៃ៧មករា ឆ្នាំ១៩៧៩ថា ការមើលងាយដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ។ សម្តេចបានថ្លែងថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេនោះ យុវជនសព្វថ្ងៃនេះដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «អ្នកឯងជេរ៧មករា ស្មើនឹងមើលងាយវិញ្ញាក្ខន្ធអ្នកដែលបានស្លាប់ រាប់ទាំងក្រុមគ្រួសារអ្នកឯងផង បើកុំមាន៧មករា អ្នកទាំងឡាយមួយចំនួននៅក្នុងនេះ កើតអត់បានទេ ព្រោះអីឪពុកម្តាយស្លាប់អស់។ ក្មួយៗខ្លះទើបនឹងនៅអាយុ២៤-២៥ឆ្នាំទេ»

នៅក្នុងខួបលើកទី៣៨ នៃទិវាជ័យជម្នះ៧មករា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខ រិះគន់ដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ថា ជាថ្ងៃដែលវៀតណាមបានរៀបចំឡើង។ លោក សម រង្ស៊ី បានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកថា «៧ មករា ១៩៧៩ គឺជាឆាកល្ខោនដែលយួនបានរៀបចំទាំងអស់។ គេថាគេមករំដោះយើងពីខ្មែរក្រហម តែបើអត់មានយួនកម្មុយនីស្ដ ពីដើមទីក៏អត់មានខ្មែរក្រហមដែរ»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានរិះគន់មេបក្សប្រឆាំងដែលកំពុងរត់គេចពីសំណាញ់ច្បាប់លោក សម រង្ស៊ី ដែលមិនឱ្យតម្លៃលើថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជា ភាគច្រើន ទទួលស្គាល់ថា ជាថ្ងៃកំណើតទី២របស់កម្ពុជា។ លោក សុខ ឥសាន បានថ្លែងថា បើសិនជាគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះ ប្រជាពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ លោក សម រង្ស៊ី ក៏មិនអាចធ្វើនយោបាយនៅកម្ពុជា បានដូចសព្វថ្ងៃនេះដែរ៕