(ភ្នំពេញ)៖ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងរិះគន់គណបក្សនយោបាយមួយ ទំនងជាសំដៅទៅគណបក្សសង្រ្គោះជាតិ រឿងហៅរដ្ឋមន្រ្តីចូលបំភ្លឺនៅរដ្ឋសភា។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងថា សកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សនេះ ហាក់ដូចជាចាត់ទុកការកោះហៅ​ រដ្ឋមន្រ្តីចូលបំភ្លឺនៅរដ្ឋសភា ជារឿងលេងសើច។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាលកងទ័ព ឆ្នាំសិក្សា២០១៦ និងបើកវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាល ឆ្នាំសិក្សា២០១៧ នៅថ្ងៃទី២ កុម្ភៈ នាសកលវិទ្យាល័យការពារជាតិ។

លោក ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «សុទ្ធតែហៅរដ្ឋមន្រ្តីទៅបំភ្លឺទៅឆ្លើយតាមតម្រូវចិត្តដែលគេចង់បាន ហៅទៅបំភ្លឺ សុទ្ធតែមានភាពមិនប្រក្រតី​សព្វបែបយ៉ាងទាំងអស់ ពេលយើងនិយាយប្រាប់រឿងពិត ចេះរឿងពិតចុះ ពេលមកប្រាប់អ្នកកាសែត ថាយើងនិយាយចេះ និយាយចុះមិនសមទំនង ឆ្លើយមិនចំសំណួរ ដល់ធ្វើតាមគាត់បានវាត្រឹមត្រូវ អាហ្នឹងវាបានផលអីគិតមើល យើងសុទ្ធតែអ្នកធ្វើការត្រូវគោរពច្បាប់ផង គេមិនគោរពច្បាប់ យើងទៅគោរពច្បាប់​តែម្ខាងយើងដូចជាមិនកើតទេ»

លោកបានបន្ថែមថា «និយាយពីអំណាចវាមានអំណាចហើយ វាត្រូវតែចេះប្រើអំណាច ដូចដែលយើងហៅថា រដ្ឋអំណាចដែលឯករាជ្យ ដែលប្រជាជន​ប្រគល់អំណាចឲ្យកាន់អំណាច មិនប្រើអំណាចទុកធ្វើអីឲ្យគេទៅចឹង អំណាចប្រើសម្រាប់តែអ្នកអនុវត្ត​មិនត្រឹមត្រូវតាមច្បាប់ដែលយើងមាន យន្តការសម្រាប់​អ្នក​មិនគោរពច្បាប់ មានទាំងតុលាការ មានទាំងសកម្លាំងសមត្ថកិច្ច និងមន្រ្តីយុត្តិធម៌ មិនថាអ្នកណាអ្នកន័យត្រូវរក្សាឲ្យបានរដ្ឋអំណាចហ្នឹង»

គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក ទៀ បាញ់បានធ្វើឡើង ក្រោយពី លោក សុន ឆ័យ បានបញ្ជាក់ នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃទី៣១ ខែមករាថា ក្រុមតំណាងរាស្រ្ត របស់គណបក្សប្រឆាំង នឹងកោះហៅរដ្ឋមន្រ្តី ៣រូបថែមទៀត ឱ្យចូលបំភ្លឺនៅរដ្ឋសភា នៅពេលសភាចូលកងវិញ នៅខែមេសាខាងមុខនេះ។ ភ្លាមៗនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា មិនអនុញ្ញាតឲ្យរដ្ឋមន្រ្តី៣រូបចូលទៅបំភ្លឺនៅសភា តាមការអញ្ជើញរបស់គណបក្សប្រឆាំងនោះទេ ព្រោះបក្សប្រឆាំងមិនបានគោរពច្បាប់ និងមិនចូលប្រជុំសភា៕