(សៀមរាប)៖​ គម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម ដែលមានអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) បានធ្វើការជួសជុលផ្នែកផ្សេងៗ នៃប្រាសាទតាព្រហ្មតាំងពីឆ្នាំ២០០៤មក។ រយៈពេល១០ឆ្នាំ ដែលជាជំហានទី១នៃគម្រោង (២០០៤-២០១៤)ក្រុមការងារ សម្រេចបានសមិទ្ធផល យ៉ាងច្រើនគួរឲ្យកត់សម្គាល់។

សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើទាំង ស្រុងតាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបតំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ។

លោក D.S. Sood ទីប្រឹក្សាបច្ចេកទេសប្រចាំការដ្ឋានជួសជុលប្រាសាទតាព្រហ្ម នៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI បញ្ជាក់ថា ក្នុងដំណាក់កាលទី២នេះ ក្រុមការងារបានបន្តជួសជុលសាលរបាំ ហើយគ្រោងនឹងជួសជុលទៅលើចំណុចសំខាន់ ៤ផ្សេងទៀតគឺ នៅជ្រុងខាងត្បូងសាលរបាំ ខ្លោងទ្វារចូលខាងកើត ខ្លោងទ្វារចូលខាងត្បូង និងរួតទី៣មុខផ្លូវបំបែក។
លោកបន្ថែមថា ក្រៅពីការជួសជុលតាមគម្រោងដែលគ្រោងទុក ក្រុមការងាររបស់លោកក៏បានបំពេញកិច្ចការផ្សេងៗទៀត លើការងារអភិរក្សទល់ទ្រ និងថែទាំជាប្រចាំនូវរាល់រចនាសម្ព័ន្ធផ្សេងៗនៃប្រាសាទតាមស្ថានភាពជាក់ស្តែង ដោយសហការ ជាមួយក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា។

ដោយឡែក សាលរបាំ ដែលបានរងការខូចខាតស្ទើរទាំងស្រុង ហើយភ្ញៀវទេសចរ មិនអាចធ្វើដំណើរឆ្លងកាត់បាននាពេល កន្លងមក នឹងត្រូវជួសជុលរួចរាល់ក្នុងឆ្នាំ២០១៩ខាងមុខ។ លោក Sood បន្ថែមថា សូម្បីការជួសជុលក៏ពុំមែនធ្វើទាំងស្រុង នោះដែរ ដោយផ្នែកខ្លះនៃភាពខូចខាតនេះនឹងត្រូវអភិរក្សទុក ដើម្បីឲ្យអ្នកស្រាវជ្រាវនិងភ្ញៀវទេសចរបានឃើញថា ផ្នែកណាខ្លះត្រូវបានជួសជុល និងផ្នែកណាខ្លះត្រូវបានរក្សាទុក។ ម្យ៉ាងទៀត ដោយមូលហេតុដើមឈើធំៗមានអាយុកាលរាប់រយឆ្នាំដុះពីលើ ផ្នែកខ្លះនៃប្រាសាទនេះ ក៏ត្រូវបានរក្សាទុកមិនធ្វើការជួសជុលដែរ ដើម្បីបញ្ជៀសការកាប់ដើមឈើប្រវត្តិសាស្ត្រទាំងនេះ។ តែទោះជាមិនបានជួសជុល ក្រុមការងារបានថែទាំនិងការពារមិនឲ្យមានការខូចខាតបន្តទៀតឡើយ។

លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលបញ្ជាក់ថា ដើមឈើនិងប្រាសាទតាព្រហ្មមានទំនាក់ទំនងនឹងគ្នាខ្លាំងណាស់ រហូតភ្ញៀវទេសចរនិងអ្នកស្រាវជ្រាវខ្លះបានហៅប្រាសាទនេះថាជាប្រាសាទដើមឈើ។ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្ម ភាគច្រើនគឺចង់ឃើញដើមឈើធំៗដែលដុះលើប្រាសាទ និងរួមរស់ជាមួយប្រាសាទរាប់រយឆ្នាំ។ កត្តាទាំងនេះហើយ ដែលតម្រូវឲ្យក្រុមការងារអភិរក្សជួសជុលគិតគូរទាំងប្រាសាទ ទាំងដើមឈើ។

ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះមាតារបស់ព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា «ប្រាជ្ញាបារមី»។ ប្រាសាទនេះមានឈ្មោះដើមថា រាជវិហារ ត្រូវបានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ធំនាសម័យនោះ។ ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ASI រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់។

ជាក់ស្តែង ក្នុងដំណាក់កាលទី១(២០០៤-២០១៤) គម្រោងនេះសម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវរោងទងខាងកើត ឆៀងខាងត្បូង រានហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិចនិងជញ្ជាំងថ្មបាយក្រៀមអមសងខាង។

ក្រៅពីចំណុច ជួសជុលទាំងនេះ នៅមានផ្នែកច្រើនទៀត ដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរបេះធ្លាក់ឬដួលរលំបន្ថែមទៀត៕