(ភ្នំពេញ)៖ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ ៤៨ថ្មី (៣) លុបចោលប្រធានក្រុមមតិភាគតិច និងភាគច្រើន នៅក្នុងរដ្ឋសភាដែលរដ្ឋសភា បានអនុម័តកាល​ពីថ្ងៃ៣១ ខែមករា ឆ្នាំ២០១៧នោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសទទួលស្គាល់ថា ត្រឹមត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រកាសទទួលស្គាល់ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពិនិត្យ និងសម្រេចនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានបញ្ជាក់ថា សេចក្តីសម្រេចនេះ គឺជាសេចក្តីសម្រេចស្ថាពរ និងបិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។

សូមបញ្ជាក់ថា សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ៦៧រូប កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗ បានសម្រេចអនុម័តលើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជំពូក ១២ថ្មី ប្រការ ៤៨ថ្មី (៣) ដោយលុបមិនឲ្យមានប្រធានក្រុមមតិភាគតិច ភាគច្រើនទៀតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការលុបនេះដោយយោងទៅលើហេតុផលចំនួន ៥យ៉ាង ដែលរួមមាន៖ ១-បញ្ចប់ការបកស្រាយខុសគ្នា, ២- បញ្ចប់មការបំពានអំណាចរបស់តុលាការ ឬ របស់រាជរដ្ឋាភិបាល, ៣- បញ្ចប់វប្បធម៌សំឡេងភាគតិច យកសំឡេងភាគច្រើន ធ្វើជាចំណាប់ខ្មាំងនយោបាយ, ៤- បញ្ចប់ការចោទប្រកាន់ថា គណៈបក្សប្រជាជនកម្ពុជា មិនចង់ជួបចរចា និង ទី៥- មិនចាំបាច់ចំណាយថវិការដ្ឋ ក្នុងការទិញរថយន្ត និង សម្ភារៈធ្វើការរបស់ក្រុមសំឡេងភាគច្រើន និងក្រុមសំឡេងភាគតិច។

ក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានទៅតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាពិសេសគឺលោក ស៊ុន ឆ័យ ដែលបានប្រកាសថា មិនទទួលស្គាល់ការធ្វើវិសោធនកម្មនេះ៕