(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញនូវសេចក្ដីជូនដំណឹងមួយ ដោយប្រកាសដល់សហគ្រាស ដែលជាអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសទាំងអស់ មកបំពេញកាតព្វកិច្ច នៃការដាក់លិខិតប្រកាស និងបងពន្ធប៉ា​តង់ សម្រាប់ឆ្នាំ២០១៧ ឲ្យបានមុខថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹង ដោយតម្រូវឲ្យអ្នកជាប់ពន្ធបំពេញកាតព្វកិច្ចដូចជា៖

១៖ អ្នកជាប់ពន្ធទាំងអស់ រួមទាំងអ្នកជាប់ពន្ធ ដែលមិនទាន់បានធ្វើបច្ចុប្បន្នភាព និងអ្នកជាប់ពន្ធ ដែលធ្វើបច្ចុប្បន្នភាព និងជាអ្នកជាប់​ពន្ធ ដែលបានធ្វើបច្ចុប្បន្នភាពរួចរាល់ហើយ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធប៉ាតង់ ក្នុងអំឡុងពេល ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧។

២៖ អ្នកជាប់ពន្ធធំអាចទៅបង់ពន្ធប៉ាតង់ នៅនាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ និងអ្នកជាប់ពន្ធមធ្យម និងជាប់ពន្ធតូច អាចទៅបង់​ពន្ធប៉ាតង់ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលសហគ្រាសស្ថិតនៅ ឬតាមសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណាឌីយ៉ាក.អ ទូទាំងប្រទេស។

៣៖ ចំពោះអ្នកជាប់ពន្ធ ដែលបានធ្វើបច្ចុប្បន្នភាព ដែលមានប័ណ្ណសម្គាល់ការ ចុះបញ្ជីពន្ធដារ រួចហើយមិនតម្រូវឲ្យបំពេញលិខិត​ប្រកាស ស្នើសុំបង់ពន្ធប៉ាតង់ទៀតទេ។ ប័ណ្ណប៉ាតង់ឆ្នាំ២០១៧ នឹងត្រូវបានបោះពុម្ភ ជូនអ្នកជាប់ពន្ធភ្លាមៗ ដោយមិនយកកម្រៃសេវា​ ប្រសិនបើអ្នកជាប់ពន្ធ ទៅបោះពុម្ភនៅនាយកដ្ឋាន គ្រប់គ្រងអ្នកជាប់ពន្ធធំ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដេលសហគ្រាសស្ថិតនៅ។  ក្នុងករណីអ្នកជាប់ពន្ធ ជ្រើសរើសការបោះពុម្ភ នៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ត្រូវបង់កម្រៃសេវាជូន ធនាគារចំនួន ៤០០០រៀល/ប័ណ្ណ។

៤៖ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្ម តែមួយនៅក្នុងរាជធានី-ខេត្ត តែមួយ​ត្រូវបង់​បង់ពន្ធប៉ាតង់តែមួយ។ អ្នកជាប់ពន្ធដែលមាន សកម្មភាពអាជីវកម្ម នៅក្នុងរាជធានី-ខេត្តផ្សេងគ្នា អាចបង់ពន្ធប៉ាតង់រួមគ្នា នៅនាយដ្ឋានគ្រប់គ្រងអ្នកជាបពន្ធធំ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណា​ឌីយ៉ា ក.អ ប៉ុន្ដែត្រូវញែកប្រាក់ពន្ធទៅ តាមគណនីរបស់សាខាធន្ធដារខេត្ត-ខណ្ឌ ឬនាយកដ្ឋាន​គ្រប់គ្រងអ្នកជាប់ពន្ធធំ ដែលអាជី​វកម្មនោះស្ថិតនៅ។ ក្នុងករណីអ្នកជាប់ពន្ធ ជ្រើសរើសការបោះពុម្ភប័ណ្ណប៉ាតង់សាខា ឃ្លាំងរោងចក្រ រោងជាង នៅសាខាធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬសាខាធនាគារកាណាឌីយ៉ា ក.អ ត្រូវបង់កម្រៃសេវាជូនធនាគារ ដូចបានកំណត់នៅចំណុចទី៣ខាងលើ។

៥៖ ចំពោះអ្នកជាប់ពន្ធ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពការចុះបញ្ជើពន្ធដារ ឬមិនទាន់ចុះបញ្ជើពន្ធដារ ត្រូវបំពេញលិខិតប្រកាសស្នើ សុំបង់ពន្ធប៉ាតង់តាមទម្រង់ បព០០៨/Form PR 008 បន្ទាប់មកត្រូវធ្វើបច្ចុប្បន្នភាព ឬចុះបញ្ជីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ នៅជាន់ទី០៦ នៃអគារសាលាជាតិពន្ធដារ ទើបអាចទទួលបានប័ណ្ណប៉ាតង់ឆ្នាំ២០១៧នេះ។

៦៖ អ្នកជាប់ពន្ធដែលមានសកម្មភាព អាជីវកម្មច្រើនប្រភេទ ត្រូវបានពន្ធប៉ាតង់ផ្សេងគ្នា ទៅតាមសកម្មភាពអាជីវកម្មនីមួយៗ។ សកម្មភាពជាឧបសម្ព័ន្ធនានា នៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថា ជាសកម្មភាពអាជីវកម្មតែមួយ។

៧៖ ប្រាក់ពន្ធប៉ាតង់ត្រូវកំណត់ដូចតទៅ៖
ក៖ អ្នកជាប់ពន្ធធំ ដែលមាននៅក្នុងបញ្ជីពន្ធដារ បច្ចុប្បន្នដែលមាន៖
* ផលរបរ ១០ ០០០ ០០០ ០០០រៀល ឬតិចជាងត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០ រៀល
* ផលរបរលើសពី ១០ ០០០ ០០០ ០០០ រៀល ត្រូវបង់ពន្ធប៉ាតង់ចំនួន ៥ ០០០ ០០០រៀល
អ្នកជាប់ពន្ធធំដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយ ដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០រៀល។

ខ៖ អ្នកជាប់ពន្ធមធ្យម៖ ដែលមានក្នុងបញ្ជីពន្ធដារ បច្ចុប្បន្នត្រូវបង់ពន្ធប៉ាតង់ចំនួន ១ ២០០ ០០០រៀល
គ៖ អ្នកជាប់ពន្ធតូច៖ ត្រូវបង់ពន្ធប៉ាតង់ចំនួន ៤០០ ០០០រៀល។

៨៖ អ្នកជាប់ពន្ធត្រូវដាក់តាំង បង្ហាញប័ណ្ណប៉ាតង់ ដែលមានសុពលភាព នៅទីតាំងប្រកបអាជីវកម្ម របស់ខ្លួនហើយប័ណ្ណប៉ាតង់មាន
​​តម្លៃតែចំពោះអ្នកជាប់ពន្ធ ដែលមានឈ្មោះក្នុងប័ណ្ណប៉ាតង់តែប៉ុណ្ណោះ។ អគ្គនាយកដ្ឋានពន្ធដារ មានវិធីគ្រប់គ្រងនិងបោះពុម្ភ ប័ណ្ណប៉ាតង់តែប៉ុណ្ណោះ។ អគ្គនាយកដ្ឋានពន្ធដារមាន វិធីគ្រប់គ្រងនិងបោះពុម្ភប័ណ្ណប៉ាតង់ តាមប្រព័ន្ធអេឡិកត្រូនិក ដែលមិនអាច ក្លែងបន្លំបានឡើយ។

៩៖ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ច បង់ប្រាក់ពន្ធឲ្យបានត្រឹមត្រូវ ទៅតាមពេលវេលា ដែលច្បាប់កំណត់។ ក្នុងករណីមានការយឺតយ៉ា​វ ​មិនបានបង់ពន្ធឲ្យទាន់ពេលវេលា ឬព្យាយាមបន្លំផលរបរ ដើម្បីគេចវេះពីការបងប្រាក់ពន្ធប៉ាតង់ ឬមានការក្លែងបន្លំប័ណ្ណប៉ាតង់ នឹង​ត្រូវទទួលរងនូវទោសទណ្ឌ ដូចមានចែងក្នុងច្បាស់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ៕