(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាចំៗឲ្យអាជ្ញាធររាជធានីភ្នំពេញ បំបែកសំបុកគ្រឿងញៀន​នៅត្រពាំងឈូក ឲ្យខាងតែបាន។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook ផ្លូវការរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅមុននេះបន្តិច។

សម្តេចក្រឡាហោម ស ខេង ថ្លែងបញ្ជាខ្លាំងៗបែបនេះ ខណៈសម្តេចចូលរួមនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលនៃយុទ្ធនាការបង្ក្រាប គ្រឿងញៀន លើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្ដីសម្រេច រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅលើបណ្តាញសង្គម Facebook លោក ខៀវ កាញារីទ្ធ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេច សខេង សុំអោយអាជ្ញាធររាជធានីភ្នំពេញ បំបែកសំបុកគ្រឿងញៀននៅត្រពាំងឈូក អោយខាងតែបាន»

គួរបញ្ជាក់ថា យោងតាមរបាយការណ៍កិច្ចប្រជុំបូកសរុបលទ្ធផលនៃយុទ្ធនាការបង្ក្រាប គ្រឿងញៀន លើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយ សេចក្ដីសម្រេច រាជរដ្ឋាភិបាលស្ដីពីការបង្កើតគណៈកម្មការចម្រុះ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០១៧ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់​លើកទី១ នៅកម្ពុជាកម្លាំងសមត្ថកិច្ច បានបង្ក្រាបបានចំនួន១,១៤៤ករណី ឃាត់ខ្លួនជនសង្ស័យដែលជាអ្នកជួញដូរ និងប្រើប្រាស់ចំនួន ២៧៧៣នាក់៕