(ប៉ៃលិន)៖ អាជ្ញាធរនិងមន្ត្រី​ពាក់ព័ន្ធ​ជំនាញ​ សម្របសម្រួលដោះស្រាយការសាងសង់ទំនប់ស្ទាក់ទឹករបស់ក្រុមហ៊ុនទឹកស្អាត«ថូម៉ាស់» នៅខាងក្រោមរម្មណីយដ្ឋាន​ទឹកធ្លាក់អូរតាវ៉ៅ ដើម្បីទុកប្រើប្រាស់ចែកចាយជូនប្រជាពលរដ្ឋនារដូវប្រាំងខាងមុខនេះ​ ក្រោយការសាងសង់ទំនប់នេះ មានការជំទាស់ពីម្ចាស់រម្មណីយ៍ដ្ឋាន​ទឹកធ្លាក់អូរតាវ៉ៅ និងសហគមន៍ប្រើប្រាស់ទឹកស្អាតសង្កាត់អូរតាវ៉ៅ។

បើតាមតំណាងម្ចាស់រម្មណីយ៍ដ្ឋានទឹកធ្លាក់អូរតាវ៉ៅបានឱ្យដឹងថា ការសាងសង់ទំនប់បេតុងនេះអាចធ្វើឱ្យបះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិ ដែលបញ្ហានេះលោកស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើការសិក្សាតាមលក្ខណៈបច្ចេកទេសសិន ដើម្បីធានា និងទទួលខុសត្រូវចំពោះការបះពាល់នា​ថ្ងៃអនាគត។

​ដោយឡែកតំណាងសហគមន៍ប្រើប្រាស់ទឹកស្អាតអូរតាវ៉ៅ បានលើកឡើងថា ការធ្វើទំនប់ស្ទាក់ទឹកនេះ ខាងសហគមន៍មិនជំទាស់ទេ តែពេលធ្វើទំនប់រួចហើយ ក្រុមហ៊ុនទឹកស្អាត ថូម៉ាស់ ត្រូវចែកចាយទឹកដល់សហគមន៍ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ និងស្មើភាពគ្នា​​ជាពិសេសការសុំស្នើរពីប្រជាពលរដ្ឋរស់នៅក្បែរនោះ​។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានឱ្យដឹងនៅព្រឹក​ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២១០៧នេះថា ការសាងសង់ទំនប់ស្ទាក់ទឹកនេះ ក្រុមហ៊ុន «ថូម៉ាស់» មានបំណងរក្សា​ទឹកទុកប្រើប្រាស់ នារដូវប្រាំងខាងមុខ ព្រោះថាកាលពីរដូវប្រាំងឆ្នាំ២០១៦កន្លងទៅ ក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ទឹកចែកចាយ ជូនប្រជាពលរដ្ឋក្នុងក្រុងបានឡើយ។

ដូច្នេះក្រុមហ៊ុនធ្វើទំនប់ស្ទាក់ទឹកនេះ ដើម្បីត្រៀមទឹកទុកដោះស្រាយជូនប្រជាពលរដ្ឋនៅរដូវប្រាំងខាងមុខ កុំឱ្យខ្វះខាតដូចរដូវប្រាំងដូចឆ្នាំមុនៗ ។

លោកបន្តថា នាបច្ចុប្បន្ននេះ​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន​ ក្នុងការអំពាវនាវដល់អាជ្ញាធរ មន្ទីរធនធានទឹក និងក្រុមហ៊ុនផ្គត់ផ្គង់
ទឹកស្អាតទាំងអស់ ត្រូវមានវិធានការធ្វើអាងស្តុកទឹ​ក ទំនប់ស្ទាក់ទឹកទុកសំរាប់ប្រើប្រាស់នាពេលរដូវប្រាំងខាងមុខ។

លោក ស៊ុន យី បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងភាគីទំនាស់ទាំងអស់ នឹងបើកកិច្ចប្រជុំដោះស្រាយនាពេលឆាប់ៗនេះ ដើម្បីពិនិត្យ​ផ្នែកបច្ចេកទេស និងផលបះពាល់ ដែលអាចទទួលយកបានទាំងអស់គ្នា ធ្វើយ៉ាងណាឈរលើការពារផលប្រយោជន៍ និងការផ្តល់សេវ៉ាជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ទំនប់ស្ទាក់ទឹកដែលក្រុមហ៊ុនទឹកស្អាត ថូម៉ាស់ សាងសង់នេះ គឺធ្វើអំពីបេតុងអាមេ មានប្រវែង ២៥ម៉ែត្រ ទទឺង ៨តឹក ដែលស្ថិតនៅផ្នែកខាងលើស្ពានទី១ ក្នុងតំបន់រម្មនីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ៕