(ស្ទឹងត្រែង)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា នឹងសម្របសម្រួលការចេញ-ចូល ទស្សនាកម្ពុជា-ឡាវ របស់ទេសចរជាតិ-អន្តរជាតិ រយៈពេល៣ថ្ងៃ ដើម្បីស្រូបយកកំណើនភ្ញៀវទេសចរឲ្យចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ នៅស្ទឹងត្រែង ឆ្នាំ២០១៧នេះ ឲ្យបានច្រើនកុះករ។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា «ការធ្វើដំណើរចេញ-ចូលទស្សនកិច្ច ពីកម្ពុជាទៅឡាវ ពីឡាវមកកម្ពុជា នឹងមានការសម្របសម្រួលជូនភ្ញៀវទេសចរ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែង ឆ្នាំ២០១៧នេះ»។ ក្នុងដំណើរទៅចូលរួមកម្សាន្តបុណ្យទន្លេ នៅស្ទឹងត្រែងនោះ ភ្ញៀវទេសចរអាចធ្វើដំណើរទៅដល់ខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៧ ខេត្តក្រចេះ, ផ្លូវជាតិលេខ៦២ និងលេខ៩ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង បានយ៉ាងងាយស្រួល។

លោករដ្ឋមន្រ្តីថា បុណ្យទន្លេនឹងចូលរួមជំរុញលើកកម្ពស់ការអប់រំផ្សព្វផ្សាយ ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សាការពារបរិស្ថាន​ជីវចម្រុះតាមដង​ទន្លេមេគង្គ និងតាមតំបន់អភិរក្សធម្មជាតិនានា តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ក្រោមពាក្យស្លោកថា «ការអភិរក្សបម្រើ​ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើការអភិរក្ស» គ្មានការអភិរក្សណាមួយ ដែលអាចទទួលបានជោគជ័យយូរអង្វែងបាន ដោយមិនផ្សាភ្ជាប់នឹងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវបាននោះទេ។

លោកបានបន្តថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍នៅក្នុងតំបន់ ក៏ដូចជានៅកម្ពុជាដែរ គឺបានបង្ហាញនូវភាពជោគជ័យ និងឧទាហរណ៍ដ៏ល្អ សម្រាប់ការចូលរួម​ការថែរក្សាការពារធម្មជាតិ ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុក តាមរយៈចំណូលដែលប្រជាពលរដ្ឋសហគមន៍ ទទួលបានពីភ្ញៀវទេសចរ។

ប្រជាពលរដ្ឋឈប់កាប់បំផ្លាញព្រៃឈើ ឈប់បរបាញ់សត្វ ឈប់នេសាទត្រីនៅតំបន់សត្វផ្សោតរស់នៅ ដោយងាកមកប្រកបរបរផ្តល់សេវាកម្មដល់ទេសចរ ដូចជាផ្ទះស្នាក់ មគ្គទ្ទេសក៍សហគមន៍ ដឹកជញ្ជូនទេសចរ ផ្តល់សេវាម្ហូបអាហារ ផ្គត់ផ្គង់បន្លែបង្ការផ្លែឈើដល់ភ្ញៀវទេសចរវិញ ដូចជា សហគមន៍ទេសចរណ៍ជីផាត (ខេត្តកោះកុង) ម្លប់បៃតង (ខេត្តកំពង់ស្ពឺ) កោះទ្រង់ (ខេត្តក្រចេះ) គឺជាគំរូដែលត្រូវបានអាស៊ានទទួលស្គាល់ និងផ្តល់រង្វាន់ ហើយសហគមន៍ទេសចរណ៍មួយចំនួនទៀត ក៏កំពុងអភិវឌ្ឍន៍ដូចគ្នាដែរ។

លោក ថោង ខុន បានបន្ថែមថា បុណ្យទន្លេនឹងជួយឲ្យខេត្តស្ទឹងត្រែង បានបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខ្លួន និងធ្វើឲ្យខេត្តនេះ ក្លាយជាគោលដៅ​អេកូទេសចរណ៍ ដ៏ទាក់ទាញមួយនៅតំបន់ភាគឦសាន្តកម្ពុជា ក៏ដូចជានៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) ដែលអាចភ្ជាប់ទៅនឹង​តំបន់អេកូ​ទេសចណ៍ ដ៏ទាក់ទាញនៅភាគខាងត្បូងឡាវ ដែលកំពុងមានប្រជាប្រិយភាពបានផងដែរ។ ព្រមជាមួយនឹងទេសចរណ៍បែបធម្មជាតិ ជម្រកសត្វស្លាបដ៏កម្រ​ នៅសៀងប៉ាង ជម្រកសត្វផ្សោតជាច្រើនកន្លែង តំបន់រាំសា ស្ទឹងត្រែង ក៏នឹងស្ថិតនៅក្នុងកញ្ចប់ខ្សែទស្សនកិច្ចបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ (អង្គរ-ព្រះវិហារ-វត្តភូ) ផងដែរ ស្របពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ត្រូវបានរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍបានយ៉ាងល្អ។

ក្រសួងទេសចរណ៍ នឹងខិតខំសហការជាមួយក្រសួងបរិស្ថាន ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងផ្នែកឯកជន ដើម្បីធ្វើការអភិវឌ្ឍវិស័យអេកូទេសចរណ៍ នៅតំបន់ភាគឦសាន្ត និងនិរតីកម្ពុជាឲ្យបានល្អ ស្របពេលដែលកម្ពុជាត្រូវបានគេវាយតម្លៃថា ជាប្រទេសដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ (Competitive Advantage) ខាងសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ រួមទាំងតំបន់ទេសចរណ៍ទន្លេមេគង្គ និងទេសចរណ៍តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត។

សូមជម្រាបថា បុណ្យទន្លេលើកទី៣នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង ក្នុងនោះរួមមានសកម្មភាពកីឡាលើទឹក លើដី ការតាំងពិព័រណ៍ម្ហូបអាហារ ផលិផលក្នុងស្រុក ទស្សនីយភាពសិល្បៈ សម្ដែងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងខេត្តទាំង៤ នៅភូមិភាគឦសាន្ត និងការចូលរួម​សកម្មភាពកីឡា សិល្បៈរបស់ប្រទេសឡាវផងដែរ។ ក្រៅពីនេះ ភ្ញៀវទេសចរក៏នឹងមានការរៀបចំកញ្ចប់ទស្សនកិច្ច ទៅកាន់រមណីយដ្ឋានទេសចរណ៍នានា នៅស្ទឹងត្រែង ខេត្តព្រះវិហារ និងនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ទៀតផង៕