(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថា នឹងដឹកនាំក្រុមយុវជនកម្ពុជាទៅចូលរួមមហោស្រពជាតិ «ឈីងហ្គេ» នៅសិង្ហបុរី រយៈពេល ៧ថ្ងៃ ចាប់ថ្ងៃទី០៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស.ស.យ.ក បានឲ្យដឹងថា ខ្លួននឹងដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងសិល្បករ និងសិល្បការិនីសរុប ៧៥រូប ទៅចូលរួមសម្តែងសិល្បៈប្រពៃណីក្រោមទម្រង់ជារបាំអប្សរា ល្ខោនស្បែកធំ គុណល្បុកតោ និងការដាក់បង្ហាញសម្ភារៈសិល្បៈកញ្ចែ ក្រោមប្រធានបទ «ឯកភាពជាតិ ក្នុងភាពចម្រុះនៃវប្បធម៌ Unity in Cultural Diversity»។

សូមបញ្ជាក់ថា «ឈីងហ្គេ» ជាព្រឹត្តិការណ៍ក្បួនដង្ហែព្យុហយាត្រាធំជាងគេនៅអាស៊ី ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជនសិង្ហបុរី។ តាមការគ្រោងទុក ពិធីនេះនឹងមានការចូលរួមសម្តែងពីសំណាក់ក្រុមសិល្បៈជាតិប្រមាណ ១៥០ស្ថាប័ន និងបណ្តាសិល្បករ សិល្បការិនីមកពីជុំវិញពិភពលោកប្រមាណ ១ម៉ឺននាក់ផ្សេងទៀត ដើម្បីរួមសម្តែងសិល្បៈចម្រុះជាតិសាសន៍ដ៏សម្បើមអស្ចារ្យ។

ស.ស.យ.ក នឹងរៀបចំសន្និសីទកាសែតមួយពាក់ព័ន្ធនឹងដំណើរការចូលរួមក្នុងមហោស្រពខាងលើ នាវេលាម៉ោង ១៖៣០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្នាក់ការកណ្ដាល ស.ស.យ.ក៕