(ភ្នំពេញ)៖ កាលពីសប្តាហ៍កន្លងទៅនេះមហាជនបានបង្ហាញការសាទរ និងកោតសរសើរជាខ្លាំងចំពោះស្នាដៃរបស់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត រហូតឈានដល់ការវែកមុខ និងចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធដ៏សកម្មមួយរូបនៅក្នុងរាជធានីភ្នំពេញ ឈ្មោះ អ៊ុំ សួស្ដី ហៅ ពៅក្បាលធំ និងបក្ខពួករបស់គេម្នាក់ទៀតឈ្មោះ ចាន់ សុវណ្ណ ហៅប៉ែត។

ចោរប្លន់ប្រដាប់អាវុធ អ៊ុំ សួស្តី និងបក្ខពួករបស់គេ នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ បានធ្វើសកម្មភាពបាញ់ប្លន់យ៉ាងព្រៃផ្សៃនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតក្បែរផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រហូតធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត និងនារីពីរនាក់ទៀតរងរបួសធ្ងន់ស្រាល។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពប្លន់ និងបាញ់ប្រហារដ៏សែនព្រៃផ្សៃនោះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលបានឃើញសកម្មភាពនោះហើយកើតការខឹង សម្បាយ៉ាងខ្លាំងជាមួយក្រុមចោរទាំងអស់នេះ។

បន្ទាប់ពីការប្លន់នេះតែបួនថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រុមកម្លាំងនគរបាលរាជធានីភ្នំពេញ បើកការស៊ើបអង្កេត និង ចាប់ខ្លួនមេចោរដៃឆៅបាញ់ប្រហារសម្លាប់មនុស្សមិនញញើតដៃ អ៊ុំ សួស្តី និងបក្ខពួករបស់គេតែម្តង។ ជាមួយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានអាវុធ ៣ដើម (M16កាត់០១ដើម, ម៉ាក Bareta ចំនួន០១ដើម និងមួយដើមទៀត ប្រភេទអាវុធខ្លី មិនស្គាល់ម៉ាក)។

ក្រោយការចាប់ខ្លួនមេចោរ អ៊ុំ សួស្តី បានសារភាពថា គេធ្លាប់បានធ្វើសកម្មភាពប្លន់រហូតដល់ទៅ ៤លើក ក្នុងនោះបានសម្រេច ៣លើក និង ១លើកមិនបានសម្រេច។

សម្រែកអំណរសាទរចំពោះប្រតិបត្តិការវែកមុខចោរប្លន់ដ៏មានប្រសិទ្ធភាពរបស់កងកម្លាំងនគរបាល បានកើតមានយ៉ាងកងរំពងលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃកម្លាំង សមត្ថកិច្ចបង្ហាញមុខចោរប្លន់ដ៏ឃោរឃៅនេះ។ តែបន្ទាប់ពីអំណរសាទរនោះមិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់តែធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល និងកើតការសោកស្តាយខ្លាំង បន្ទាប់ពីមន្រ្តីនគរបាលម្នាក់ បានទម្លាយថា ចោរនេះធ្លាប់បានចាប់ខ្លួនរួចម្តងមកហើយ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើសកម្មភាពប្លន់រថយន្ត។

ការភ្ញាក់ផ្អើលព្រោះតែមហាជនឆ្ងល់ថា បើទើបចាប់ខ្លួននៅឆ្នាំ២០១៤សោះ ហេតុអ្វី ក៏ឆាប់រួចទោសទណ្ឌមកធ្វើសកម្មភាពប្លន់ជាថ្មីបែបនេះ?

ក្រោយចម្ងល់មហាជនផ្ទុះឡើង ទើបមានការចេញលាតត្រដាងការពិតពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា មេចោរប្លន់ប្រដាប់អាវុធ អ៊ុំ សួស្តី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ទៅ ៨ឆ្នាំក្នុងបទល្មើសព្រហ្មទណ្ឌប្លន់រថយន្តនោះ ប៉ុន្តែមេចោររូបនេះបានលួចរត់គេចខ្លួន នៅពេលបញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ តាមសំណើរបស់ប្រធានមណ្ឌលអប់រំកែប្រែទី១។ គិតដល់ត្រឹមថ្ងៃរត់គេចខ្លួន មេចោរ អ៊ុំ សួស្តី ជាប់ពន្ធនាគារបានត្រឹម ៩ខែ និង ៥ថ្ងៃប៉ុណ្ណោះ។

បន្ទាប់ពីការរត់គេចខ្លួន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឃី ឆៃ ចេញដីការទៅសមត្ថកិច្ចឲ្យតាមចាប់ខ្លួនទណ្ឌិតនេះមកវិញ។ ការស្វែងរកចាប់ខ្លួនមេចោរ អ៊ុំ សួស្តី បានអូសបន្លាយរហូតដល់ជាងពីរឆ្នាំ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ថ្ងៃសមត្ថកិច្ចចាប់ខ្លួនជាថ្មី ក្រោយគេធ្វើសកម្មភាពប្លន់បាញ់សម្លាប់យ៉ាងព្រៃផ្សៃលើជនរងគ្រោះ។

ការរត់គេចខ្លួនរបស់ទណ្ឌិតពេលបញ្ជូនទៅព្យាបាលជំងឺ ដូចករណីមេចោរ អ៊ុំ សួស្តី មិនមែនជារឿងថ្មីនោះឡើយ។ ឆ្នាំ២០១៦កន្លងទៅ មានកើតករណីដូចគ្នានេះមួយចំនួនផងដែរ ក្នុងនោះក៏មានករណីទណ្ឌិត សោម ឯក។

ទណ្ឌិត សោម ឯក ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៤៦ឆ្នាំ ពីបទបង្កើតចលនាកងទ័ពក្បាលខ្លាខុសច្បាប់ និងពីបទបំផ្ទុះគ្រាប់ធ្វើភេរវកម្ម នៅមុខក្រសួងការពារជាតិកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ បានរត់គេចខ្លួនពេលបញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦។ ទណ្ឌិត សោម ឯក ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ បន្ទាប់ពីព្យាយាមគេចខ្លួនបាន ១៨ថ្ងៃ។ តែក៏មានករណីទណ្ឌិតរត់គេចខ្លួនពេល បញ្ជូនមកព្យាបាលជំងឺមួយចំនួនទៀត ក៏មិនទាន់ត្រូវបានចាប់ខ្លួនមកវិញនៅឡើយនោះទេ។

ព្រោះការកើតមានករណីទណ្ឌិតរត់គេចខ្លួនជាញឹកញាប់ ពេលបញ្ជូនមកព្យាបាលជំងឺបែបនេះ ធ្វើឲ្យមានការងឿងឆ្ងល់ និងលើកជាសំណួរថា តើការរត់គេចខ្លួនពេលមកព្យាបាលជំងឺនេះ ជាការធ្វេសប្រហេសរបស់មន្រ្តីអនុរក្សពន្ធនាគារ ឬ ជាចេតនា?

រាល់ពេលបញ្ជូនទណ្ឌិតមកព្យាបាលជំងឺនៅមន្ទីរពេទ្យ ត្រូវបានគេមើលឃើញថា មានការហែហម អមដំណើរដោយមន្រ្តីអនុរក្សពន្ធនាគារជាច្រើនរូប ហើយទណ្ឌិតសុទ្ធតែបានដាក់ខ្នោះថែមទៀតផង ដែលមិនគួរណាទណ្ឌិតមានឱកាសរត់គេចខ្លួនបាននោះឡើយ។

បើទោះបីការរត់គេចខ្លួនរបស់ទណ្ឌិតនេះ ជាការធ្វេសប្រហេស ឬ ជាចេតនា សុទ្ធតែហុចផលមិនល្អឡើយសម្រាប់សង្គម។ ដូចជាករណីមេចោរ អ៊ុំ សួស្តី ក្រោយពេលរូបគេរត់គេចខ្លួនជាថ្មី គេបានធ្វើសកម្មភាពប្លន់ជាបន្តបន្ទាប់រហូតដល់ ៤លើកក្នុងរយៈរត់គេចខ្លួនរយៈពេលពីរឆ្នាំនេះ។ ការប្លន់ ៤លើកនេះ បានបង្កការភ័យខ្លាចដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានតិះទៀនទៅលើចំណាត់ការរក្សាសន្តិសុខរបស់សមត្ថកិច្ច។ ការឈឺចាប់ និងសោកសៅកើតមានកាន់តែខ្លាំងថែមទៀត នៅពេលដែលមេចោរ អ៊ុំ សួស្តី នេះ បានបាញ់សម្លាប់មនុស្សក្នុងករណីប្លន់នៅជិតផ្សារសុវណ្ណា។

គេមិនដឹងថា មន្រ្តីពន្ធនាគារដែលធ្វេសប្រហេស ឬមានចេតនាឲ្យមេចោរប្លន់ អ៊ុំ សួស្តី រត់គេចខ្លួននោះ មានការឈឺចាប់ដែរឬទេ នៅពេលបានឃើញការទួញសោក និងការនិរាសព្រាត់ប្រាស់របស់គ្រួសារជនរងគ្រោះ។ ប្រសិនបើមន្រ្តីអនុរក្សពន្ធនាគាររូបនេះ ពិតជាមានមនសិការ និងទំនួលខុសត្រូវខ្ពស់ចំពោះការងារនោះ គេគួរតែដាក់ពិន័យខ្លួនឯង ដោយមិនចាំបាច់ឲ្យអង្គភាពដាក់ពិន័យនោះឡើយ ហើយគេក៏គួរតែមានវិប្បដិសារីស្ទើរពេញមួយជីវិតផងដែរ។ បើគេមិនបណ្តោយឲ្យ អ៊ុំ សួស្តី រត់គេចខ្លួនបានទេនោះ ក៏ប្រហែលជាមិនមានការបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់បែបនេះដែរ។

ការចេះតែបណ្តោយឲ្យទណ្ឌិតរត់រួចខ្លួននេះ ក៏បានធ្វើឲ្យកងកម្លាំងសមត្ថកិច្ច ដែលខិតខំបង្រ្កាប និង ចាប់ជនល្មើសកើតការអាក់អន់ស្រពន់ចិត្ត ឈានទៅរកការអស់កម្លាំងចិត្តក្នុងការបង្រ្កាបក្រុមប្រព្រឹត្តបទល្មើសផងដែរ។

ដើម្បីបញ្ចប់ការរត់គេចខ្លួនរបស់ទណ្ឌិតពេលបញ្ជូនមកព្យាបាលជំងឺ ផ្តល់ឱកាសឲ្យទៅសាងបទល្មើសជាថ្មីនោះ ការស៊ើបអង្កេតទៅលើករណីទណ្ឌិតរត់គេចខ្លួន នាពេលកន្លងមក គឺជាវិធានការសំខាន់មួយ ហើយការដាក់ពិន័យឲ្យបានធ្ងន់ធ្ងរចំពោះមន្រ្តីអនុរក្សពន្ធនាគាររូបណា បានសាងកំហុសឲ្យទណ្ឌិតរត់គេចខ្លួន ក៏គួរត្រូវបានអនុវត្តន៍ផងដែរ៕