(ភ្នំពេញ)៖ លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានផ្តល់អនុសាសន៍ណែនាំបុគ្គលិកសុខាភិបាល ក្នុងមន្ទីរពេទ្យថា ដើម្បីជំរុញប្រសិទ្ធភាពការងារឲ្យបានល្អ គ្រប់បុគ្គលិកក្នុងមន្ទីរពេទ្យ ត្រូវសម្រេចតាមបំណងរបស់អ្នកជំងឺ និងសាធារណជន។

លោកអគ្គនាយក ឈាង រ៉ា លើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី ប្រសិទ្ធភាពនៃការដឹកនាំគ្របគ្រង ក្នុងមន្ទីរពេទ្យកាល់ម៉ែត នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

លោកអគ្គនាយក ឈាង រ៉ា បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ៦ចំណុច ដល់ប្រធានផ្នែកគ្រប់គ្រង និងបុគ្គលិកសុខាភិបាលក្នុងមន្ទីរពេទ្យកាល់ ដើម្បីពង្រឹងប្រសិទ្ធភាព​ការងារអាចទទួលយកបាន ទាំងអ្នកជំងឺ និងគ្រូពេទ្យ។

អនុសាសន៍ទាំង៦ចំណុចនោះ រួមមាន៖ ទី១៖លទ្ធផលសម្រេចបានតាម​បំណងប្រាថ្នារបស់អ្នកជំងឺ និងសាធារណជន, ទី២៖គ្រប់ផ្នែកទាំងអស់ត្រូវផ្តល់​សេវាតាមគម្រោង​ផែនការរបស់មន្ទីរពេទ្យ ឲ្យមានប្រសិទ្ធភាព, ទី៣៖សម្រេចគោលដៅរបស់មន្ទីរតាមផែនការកំណត់, ទី៤៖ធ្វើបានដោយភាពច្បាស់លាស់, ទី៥៖គ្រប់ផ្នែកក្នុងមន្ទីរពេទ្យ ត្រូវសម្រេចឲ្យបានអត្ថប្រយោជន៍ដល់មន្ទីរពេទ្យ និងសង្គមទាំងមូល និងទី៦៖ការទទួលខុសត្រូវ នៃការដឹកនាំលើផ្នែកនេះ ចំពោះមុខក្រុមមន្ទីរពេទ្យ និងចំពោះមុខ​សង្គមទាំងមូល។

លោកវេជ្ជបណ្ឌិត អ៊ែវ៉េដ រីយ៉ាណូ នាយកផ្នែកទំនាក់ទំនងអន្តរជាតិ នៃមន្ទីរពេទ្យម៉ាសីយ៍ ប្រទេសបារាំង បានឲ្យដឹងថា ប្រធានផ្នែកត្រូវមានតួនាទីចម្បង ក្នុងការសម្រេច​លទ្ធផលឲ្យបានជោគជ័យ។ ប្រធានផ្នែក គឺជាអ្នកចំណាយ គាត់ក៏ជាអ្នករកប្រភពចំណូលមកឲ្យមន្ទីរពេទ្យ ក្នុងតុល្យភាពដ៏សមស្រប ឆ្ពោះទៅរកការអភិវឌ្ឍទៅមុខ។

លោកបន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលសមត្ថភាពជំនាញ នឹងផ្តល់បទពិសោធន៍ ក្នុងការគ្រប់គ្រងដឹកនាំ មន្ត្រី ដែលទទួលខុសត្រូវតាមផ្នែក​ទទួលបានប្រសិទ្ធភាព​ការងារ​ច្បាស់លាស់ លើការផ្តល់សេវាអ្នកជំងឺ និងសាធារណជន៕