(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់ លើកទី១ នឹងអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផល នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១ ប្រចាំខែមករា ឆ្នាំ២០១៧ និងផ្សព្វផ្សាយសេចក្ដី​សម្រេចរាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀន។

 កិច្ចប្រជុំបូកសរុបខាងលើនឹងត្រូវរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលពី អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត មេបញ្ជាការកងរាជ​អាវុធហត្ថ​រាជ​ធានី-ខេត្ត ប្រធានការិយាល័យ បង្ក្រាបគ្រឿងញៀនរាជធានី-ខេត្ត ទាំង២៥ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន។

ដោយឡែក សម្រាប់លទ្ធផលនៃយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន រយៈពេលពេញ១ខែមកនេះ (ខែមករា) កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធគ្រឿងញៀន ជាង២ពាននាក់៕