(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ (CMAC) លោក ហេង រតនា ដែលជាអ្នកដឹកនាំប្រតិបត្តិការដោះមីន នៅកម្ពុជា បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង។

គ្រាប់បែកនោះមានដូចជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី នៅជាង១១ម៉ឺនទីតាំង និងមានការហោះហើរទម្លាក់គ្រាប់ជិត២៥ម៉ឺនជើង។

ថ្លែងចេញពីខេត្តរតនគីរី កាលពីដើមខែមករា ឆ្នាំ២០១៧ នៅក្នុងកម្មវិធី​ចូលរួមចុះពិនិត្យ​លើការបោសសម្អាត​គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់នូវទំងន់ជា ប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិក​បានទំលាក់​គ្រាប់បែកយ៉ាង​ច្រើនសន្ធឹកសន្ធាប់​មកលើ​ប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម

ឱកាសចូលរួមបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ និងនៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០១៧ថ្មីៗនេះ ក្នុងឱកាសចូលរួមក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​ទីក្រុង Davos ប្រទេស​ស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជាបានជំពាក់កាលពីសម័យ សាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០។ សម្តេចបានហៅបំណុលនេះជាបំណុលកខ្វក់

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការស្នើសុំលុបបំណុល របស់អាមេរិក គឺជាឆន្ទះរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ ចំពោះរដ្ឋបាលវ៉ាស៊ីនតោន នៃទំព័រប្រវត្តិសាស្ត្រថ្មី នៃគោល នយោបាយបរទេសរបស់ សហរដ្ឋអាមេរិក ដើម្បីចាកចេញពីទំព័រប្រវត្តិសាស្ត្រ នៃសង្គ្រាមដ៏ជូរចត់ពីភាគីទាំងពីរ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ ហៅកាត់ថា ស៉ឺម៉ាក់ ជាអ្នកដឹកនាំប្រតិបត្តិការដោះមីននៅលើផ្ទៃកម្ពុជានោះ បានប្រកាសប្រឆាំងដាច់ណាត់ ចំពោះជនដែលលើកឡើងឲ្យរាជរដ្ឋាភិបាលកម្ពុជា សងបំណុលដែលជំពាក់អាមេរិក ជិត៤០០លានដុល្លារ, ហើយលោកចាត់ទុកថា ការលើក ឡើងរបស់ជនមួយចំនួននោះ គឺជាការបន្ថែមក្តីឈឺចាប់ ដែលប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន ដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិក