(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងកំពង់ផែស្វ័យក្រុងភ្នំពេញ បានលើកគម្រោងថ្មីមួយទៀត ក្នុងរៀបចំសណ្ដាប់ធ្លាប់ទីក្រុងឲ្យមានរបៀបរៀបរយ កាន់តែល្អប្រសើរ នោះគឺគម្រោងស្ថាបនាលំហសាធារណៈ សួនច្បារ ផ្លូវថ្មើរជើងតាមមាត់ទន្លេ ចាប់ពីផ្សាររាត្រីមាត់ទន្លេដល់ស្ពានជ្រោយចង្វារ មានប្រវែង១,៦៤០ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

គម្រោងថ្មីនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ រវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយកំពង់ផែស្វយ័តក្រុងភ្នំពេញ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយគម្រោងខាងលើ ក៏ជាគម្រោងថ្មីមួយ ក្រោយបញ្ចប់ការងារសាងសង់ផ្លូវថ្មើរជើង ចាប់ពីបញ្ជរទេសចរ ជាប់សាលសន្និសីទចតុមុខ ដល់កំពង់ចម្លងដរអរិយក្សត្រ។

​លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «យើងចង់ពន្លឿនការងារនេះឲ្យបានលឿន និងរួចរាល់នៅមុនបុណ្យអុំទូក ឆ្នាំ២០១៧ ដើម្បីកែលម្អសោភ័ណភាពរាជធានីភ្នំពេញ ហើយយើងចង់បានការអភិវឌ្ឍទីក្រុងមួយ ប្រកបដោយសណ្តាប់ធ្នាប់ និងមានការគិតគូរច្បាស់លាស់ មិនមែនធ្វើដោយប្រថុយប្រថាននោះទេ»។

លោកអភិបាលរាជធានីបានបន្តថា រដ្ឋបាលរាជធានីនឹងចាប់ផ្តើមការងារ ដោយស្ថាបនាច្រាំងទន្លេជាមុនសិន ហើយមកដល់ពេលនេះ ក្រុមអ្នកបច្ចេកទេសក៏កំពុងបន្តសិក្សាលើផលប៉ះពាល់គម្រោងខាងលើ ជាបណ្ដើរៗផងដែរ។

ជាមួយគ្នានេះ អង្គភាពកំពង់ផែស្វយ័តក្រុងភ្នំពេញ បានបង្ហាញជំហរត្រៀមខ្លួន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាទាំងនោះ ព្រោះអង្គភាពនេះ ក៏ស្ថិតនៅក្នុងរង្វង់ប៉ះពាល់នៃគម្រោងនេះដែរ។ ក្រៅពីនេះ ក៏មានភោជនីយដ្ឋានទន្លេសាប ភោជនីយដ្ឋានគីរីរម្យ ភោជនីយដ្ឋានទិចតានិច ស្ថិតនៅប្របមាត់ទន្លេ ក៏មានការប៉ះពាល់នឹងគម្រោងនេះដែរ ដែលទាមទាឲ្យមានកិច្ចសហការពីម្ចាស់ភោជនីយដ្ឋាន ក៏ដូចម្ចាស់ទីតាំងដទៃទៀត ដោយសន្តិវិធី និងផ្អែកលើផ្លូវច្បាប់។

គម្រោងស្ថាបនាលំហសាធារណៈ ផ្លូវថ្មើរជើងតាមមាត់ទន្លេនេះ គឺជាការប្តេជ្ញាចិត្តថ្មីមួយទៀត របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកែលម្អសោភ័ណភាពបរិស្ថាន បង្កើនលំហសាធារណៈ និងក្រវ៉ាត់បៃតង សំដៅទាក់ទាញភ្ញៀវទេសចរ ស្របពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្កេមលើកទី៣២ នៅឆ្នាំ២០២៣។

លោកអភិបាលរាជធានីបានលើកឡើងពីការបង្កើនសមត្ថកិច្ចទទួលខុសត្រូវ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពកំពង់ផែភ្នំពេញ ទាំងទីតាំង និងទិន្នន័យនៃផលប៉ះពាល់ គឺត្រូវប្តេជ្ញាធ្វើឲ្យបានមិនមាន ១, ២ ទៀតទេ។

សូមបញ្ជាក់ថា លំហសាធារណៈ សួនច្បារ និងផ្លូវថ្មើរជើងនេះ គ្រោងស្ថាបនាពីផ្សាររាត្រីផ្សារចាស់ ដល់ស្ពានជ្រោយចង្វារ ប្របតាមមាត់ទន្លេ មានប្រវែង១,៦៤០ម៉ែត្រ ហើយគម្រោងនេះ គឺជាគម្រោងថ្មីបន្ទាប់ពីគម្រោងស្ថាបនាផ្លូវថ្មើរជើង និងច្រាំងទន្លេ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនារួចចាប់ពីបញ្ជរទេសចរជាប់សាលសន្និសីទចតុមុខ ដល់កំពង់ចម្លងដរអរិយក្សត្រ៕