(ស្វាយរៀង)៖ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ពាក់ព័ន្ធករណីបើកប្រតិបត្តិការ ដោះគ្រាប់បែកផ្ទុកសារធាតុគីមីដ៏គ្រោះថ្នាក់បំផុត របស់អាមេរិក ដែលស្ថិត នៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ បាននឹងកំពុងសហការជាមួយ នឹងអាជ្ញាធរអាវុធគីមី របស់ក្រសួងការពារជាតិ ដើម្បីសិក្សាវាយតម្លៃឲ្យបានលម្អិត ពីផែនការដោះគ្រាប់បែកគីមីនេះ។

លោក ហេង រតនា បានបញ្ជាក់ថា នៅពេលឆាប់ៗខាងមុខនេះ មុននឹងបើកប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលបន្សល់ទុកដោយ សហរដ្ឋអាមេរិក ទម្លាក់ពីលើយន្តហោះ ស៊ីម៉ាក់និងអាជ្ញាធរគីមី និងចុះទៅវិភាគសារធាតុគីមីដល់កន្លែង ដើម្បីធានាដល់សុខ សុវត្ថិភាព របស់គ្រប់ផ្នែកពាក់ព័ន្ធ។

លោកបានបញ្ជាក់ទៀតថា ជាក់ស្តែងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមជំនាញស៊ីម៉ាក់ ក៏បានកំណត់ និងវិភាគបច្ចេកទេស វត្ថុគោលដៅក្រោមដី ដែលជាគ្រាប់បែកអាវុធគីមី ស្ថិតនៅទីតាំងខាងលើ ដោយរកឃើញថា គ្រាប់បែកគីមីនោះ អាចបែកតែមិនផ្ទុះ ទាំងកម្រិតជម្រៅកប់ក្រោមដី និងគោលដៅសង្ស័យមួយចំនួន។

សូមជំរាបថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅស្រុករមាសហែក អំពីគ្រាប់បែកគីមី ដែលទម្លាក់ដោយ សហរដ្ឋអាមេរិកនោះ កម្លាំងជំនាញ ស៊ីម៉ាក់ បានចុះទៅកន្លែងកើតហេតុ ដោយបានរកឃើញគ្រាប់បែកគីមីចំនួន២គ្រាប់ ដោយមួយគ្រាប់ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាគគីរ ដែលមានសិស្សានុសិស្ស ជិត៥០០នាក់ កំពុងសិក្សា ខណៈដែល១គ្រាប់ទៀត ត្រូវបានរកឃើញនៅ ជិតសាលាឆន្ទក្នុងវត្តគគីរ ដែលមានព្រះសង្ឃ៤អង្គគង់នៅផងដែរ។

បើតាមលោក ហេង រតនា ដើម្បីប្រតិបត្តិការដោះគ្រាប់បែកផ្ទុកជាតិគីមី ដ៏គ្រោះថ្នាក់ដែលបន្សល់ដោយ សហរដ្ឋអាមេរិក ទម្លាក់ពីយន្តហោះ លើទឹកដីកម្ពុជា ក្នុងខេត្តស្វាយរៀង ដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយស៉ីម៉ាក់ ត្រូវបង្ខំចិត្តជម្លៀសសិស្សសាលា និងព្រះសង្ឃចំនួន ប្រមាណ៥០០អង្គ/នាក់ ចេញពីតំបន់ប្រតិបត្តិការ ក្នុងរយៈពេលខ្លី ដែលមានចម្ងាយពីតំបន់ប្រតិបត្តិការ យ៉ាងតិច៣គីឡូម៉ែត្រ។

បើតាមលោកអគ្គនាយករូបនេះ គ្រាប់បែកគីមី ប្រភេទ​ Chlorobenzalmalononitrile (CS) មានចំរុះប្រមាណជាង២០០គីឡូក្រាម ក្នុងមួយគ្រាប់ ត្រូវបានប្រជាពលរដ្ឋបានកប់ចោល ក្បែរសាលាឆាន់ និងក្នុងវត្ត កាលពីខែកុម្ភៈ ឆ្នាំ១៩៧០​ ក្រោយពីបានទំលាក់ ចំនួន៤គ្រាប់ ​ដោយចំសាលាឆាន់ផ្ទុះ ចំនួន២គ្រាប់ និងមិនទាន់ផ្ទុះសល់មកដល់សព្វថ្ងៃនេះចំនួន២គ្រាប់។​ បច្ចុប្បន្នគ្រាប់ទាំង២គ្រាប់ នៅក្នុងទីធ្លាសាលា មានសិស្សានុសិស្សយ៉ាងច្រើន​ ហើយក្នុងមូលដ្ឋាន ក៏មានប្រជាពលរស់នៅជុំវិញច្រើនដែរ​ ព្រមទាំងជាទី អារ៉ាមផងដែរ​ ដូចនេះកិច្ចប្រតិបតិ្តការត្រូវជន្លៀស ប្រជាពលរដ្ឋចេញមួយរយៈពេលខ្លី ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងប្រតិបត្តិការ។

គ្រាប់បែកគីមីដែលស៊ីម៉ាក់ រកឃើញ​ប្រភេទ ​Chlorobenzalmalononitrile (CS) ដែលទម្លាក់ពីលើយន្តហោះ ហើយគ្រាប់បែក នេះប្រសិនបើកផ្ទុះ នឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងបំផុត ដែលអាចបង្កឲ្យថប់ដង្ហើម ក្មេងកើតមិនគ្រប់ខែ និងបញ្ហាមួយចំនួនទៀត។

បើតាមលោក ហេង រតនា គ្រាប់បែកគីមីប្រភេទ CS នេះស៉ីម៉ាក់ធ្លាប់បានជួបនៅខេត្តចំនួន៥ រួមមានខេត្តស្វាយរៀង ព្រៃវែង មណ្ឌលគិរី រតនគិរី និងក្រចេះ ប៉ុន្តែមានខេត្ត៣ ដែលស៉ីម៉ាក់ជឿជាក់ថា មានគ្រាប់បែកគីមីនេះ រួមមានខេត្តស្វាយរៀង ព្រៃវែង និងមណ្ឌលគិរី។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ២លាន៨សែនតោន ដែលមានគ្រាប់បែកគីមីផងដែរ ដោយបានសម្លាប់ជាង៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេសផ្ទះសំបែងខែ្មររាប់ម៉ឺន​កន្លែងផងដែរ៕