(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ថា ប្រសិនបើរឿងអាស្រូវរបស់អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលប្រព្រឹត្តនៅក្នុងរដ្ឋសភានេះ ជារឿងពិតនោះ វាជារឿងអាស្រូវដ៏ធ្ងន់ធ្ងរបំផុតមួយ នៅវិមានរដ្ឋសភា ដែលក្នុងនាមតំណាងរាស្រ្តជាថ្នាក់ឧត្តមមន្រ្តីផុតលេខរបស់កម្ពុជា ដែលជាអ្នកតាក់តែងច្បាប់ បែរជាប្រព្រឹត្តរឿងអាស្រូវដោយខ្លួនឯងទៅវិញ មិនមែនជារឿងធម្មតាទេ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនវាការពិត វាជារឿងអាស្រូវផ្លូវភេទដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងវិមានរដ្ឋសភា ករណីនេះទុកលទ្ធភាពឲ្យ ប្រជាពលរដ្ឋជាអ្នកវាយតម្លៃទៅវិញ ថារឿងនេះ វាប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសអ្នកតំណាងរាស្រ្ត និងរដ្ឋសភា លោកពិចារណាតទៅទៀតថា គួរជឿ ឬមិនជឿ អាហ្នឹងវាជាសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋ។ តំណាងរាស្រ្ត ជាឧត្តមមន្រ្តីថ្នាក់ផុតលេខ ចឹងវាមិនមែនជារឿងធម្មតានោះទេ»

ការលើកឡើងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅពេលនេះ ធ្វើឡើងបន្ទាប់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា រដ្ឋសភា កំពុងស្រាវជ្រាវ លើករណីតំណាងរាស្រ្តគណបក្សប្រឆាំងម្នាក់ ដែលបែកធ្លាយរឿងអាស្រូវ ដ៏ស្មោកគ្រោករួមភេទ នៅក្នុងបន្ទប់ធ្វើការនៃវិមានរដ្ឋសភា។ ទោះជាយ៉ាងណាព័ត៌មាននេះ មិនទាន់ដឹងប្រាកដនៅឡើយ ហើយរដ្ឋសភាកំពុងធ្វើការ ស្រាវជ្រាវយ៉ាងល្អិតល្អន់។ លោកថា បើសិនជារដ្ឋសភា ស៊ើបដឹងថា តំណាងរាស្រ្តណាម្នាក់ បានប្រព្រឹត្តរឿងអាស្រូវបែបនោះមែន អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងសុំគោលការណ៍ ពីសម្តេចប្រធាន ហើយនិងពិនិត្យចំពោះច្បាប់ពាក់ព័ន្ធ។

ការស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចអំពីព័ត៌មានរឿងអាស្រូវនេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភា វិសាមញ្ញ ដើម្បីធ្វើវិសោធនកម្មប្រកា៤៨ថ្មី(បី) ជំពូកទី១២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា កាលពីម្សិលមិញ។ ចំពោះរឿងនេះសម្តេចតេជោ ក៏ជំរុញឱ្យរដ្ឋសភា ធ្វើពិធីសូត្រមន្តបណ្តេញឧបទ្រពចង្រៃ នៅក្នុង និងបរិវេណរដ្ឋសភាផងដែរ។

សូមជំរាបថា គណនី Facebook មួយឈ្មោះ «សីហា» បានទម្លាយរឿងអាស្រូវផ្លូវភេទរវាង លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាមួយនឹងលេខារបស់ខ្លួនឈ្មោះ គង់ វណ្ណា នៅក្នុងបន្ទប់រដ្ឋសភា។ ម្ចាស់ Facebook ដដែលបានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនោះ លោក យ៉ែម បុញ្ញឫទ្ធិ រួមរក្សជាមួយ គង់វណ្ណា រហូត៣ដង ក្នុងបន្ទប់ទឹក។ សភាប្រជុំចប់ហើយខ្ញុំចង់មកផ្ទះ តែស្រាប់តែឮ គង់ វណ្ណា និយាយទូរសព្ធ័ជាមួយ បុញ្ញឫទិ្ធ។ ដំបូងឮ គង់ វណ្ណា បដិសេដ្ឋថា NO ព្រោះ២ដងរួចហើយក្រហាយណាស់ (មិនដឹងក្រហាយអី) បន្តិចក្រោយមកឃើញ គង់ វណ្ណា ដើរទៅចាក់សោចូលបន្ទប់ ខ្ញុំខំលបមើល ឃើញបុញ្ញឫទ្ធិ ចូលទៅក្នុងបន្ទប់។ ព្រះអត់ឮតែពាក្យពូកុំខ្លាំងពេកឈឺ និងក្រហាយណាស់»