(បាត់ដំបង)៖ ប្រជាពលរដ្ឋខ្មែរ (ប្រុសទាំងអស់)​ ចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចថៃមានគយ និងនគរបាលចាប់ខ្លួន ខណៈដែលពួកគេកំពុងលួច​ឆ្លងដែននាំ​​ទំនិញគេចពន្ធ ចូលទៅកាន់ប្រទេសថៃ តាមច្រកទ្វារតំបន់គីឡូម៉ែត្រលេខ១៣ ឬច្រកភ្នំដី ស្ថិតនៅប្រឈមគ្នារវាងស្រុកសំពៅលូន ខេត្តបាត់ដំបង និងស្រុកខ្លងហាត ខេត្តស្រះកែវ។

ការចាប់ខ្លួនពលរដ្ឋខ្មែរទាំង១០នាក់នេះ បានកើតមានឡើងតាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧មកម្ល៉េះ តែរហូតមកដល់ថ្ងៃទី១ ខែកុម្ភៈនេះ ពោលជាងកន្លះ​ខែមកហើយ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ។

អធិការនគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង លោក ពេជ្រ សារ៉ែន​ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ពិតជាមានហេតុការណ៍ សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរទាំង១០នាក់មែន ដោយសារតែពួកគេលួចឆ្លងដែននាំទំនិញគេចពន្ធ (រំលោភកម្មសិទ្ធបញ្ញា) តាមច្រកភ្នំដី ចូលទៅក្នុងទឹកដីថៃ តែមិនទាន់ដោះលែងនៅឡើយទេ។

លោកអធិការបានបន្តទៀតថា តាមព័ត៌មានពលរដ្ឋទាំង១០នាក់ ត្រូវបានសមត្ថកិច្ចនាំទៅកាន់តុលាការខេត្តស្រះកែវ តែមិនដឹងលទ្ធផលនោះទេ។

អង្គភាព Fresh News មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក ហម​ សំខាន់ ប្រធានច្រកភ្នំដីបាននោះទេ ដោយសារតែគ្មានលេខទូរស័ព្ទ ហើយពេលសួរអធិការ​ស្រុកសំពៅលូន លោកឆ្លើយថា លោកក៏មិនស្គាល់ដែរ។

សូមបញ្ជាក់ថា កម្មករខ្មែរចំនួន១០នាក់ ត្រូវគយ និងប៉ូលិសថៃចាប់ខ្លួន នៅច្រកទ្វារតំបន់គីឡូ១៣ (ថៃហៅភ្នំដី) ស្ថិតនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ កម្មករខ្មែរទាំង១០នាក់នេះ បានលីឥវ៉ាន់ឆ្លងដែនចូលផ្សារថៃ ពេលយប់តាមច្រករបៀង១កន្លែង ខាងក្រោយកាស៊ីណូនោះ ក៏ត្រូវបានកម្លាំងគយ និងប៉ូលិសថៃចាប់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគបាលស្រុកខ្លងហាត ខេត្តស្រះកែវ ដើម្បីសាកសួរ។

សមត្ថកិច្ចតាមព្រំដែនកម្ពុជា បានឲ្យដឹងថា កម្មករទាំង១០នាក់ខាងលើ គឺធ្វើសកម្មភាពលីឥវ៉ាន់ចូលមកប្រទេសថៃ ជាយូរមកហើយ ហើយឥវ៉ាន់ទាំងនោះ ជាឥវ៉ាន់គេចពន្ធទៀតផង ទើបសមត្ថកិច្ចថៃចាប់តែម្តងទៅ។ ពួកគាត់លីឥវ៉ាន់យកទៅឲ្យថៅកែស្រីម្នាក់ ឈ្មោះ ភ័ណ្ឌ រស់នៅក្នុងទឹកដីប្រទេសថៃ។

កម្មករបានប្រាប់សមត្ថកិច្ចថៃថា ពួកគាត់មិនបានដឹងទេថា ឥវ៉ាន់ទាំងនោះជាឥវ៉ាន់គេចពន្ធ ពីព្រោះខាងថៅកែ បាននិយាយថា គាត់បានរត់ការអស់ហើយ។ សមត្ថកិច្ចតាមព្រំដែនសូមអន្តរាគមន៍ទៅថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័​ន្ធជួយដោះស្រាយករណីនេះផង ដើម្បីឲ្យពលករខ្មែរទាំង១០នាក់ មានសេរីភាពឡើងវិញ៕