(ពោធិ៍សាត់)៖ អគ្គិភ័យមួយបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត ខ្ទេចគ្មានសល់ គិតជាទឹកប្រាក់ជាង៣ម៉ឺនដុល្លារ យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយវិហារចិន ពួយ ហ៊ួរ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គីភ័យឆេះអស់ទាំងស្រុងនោះ ប្រកក្បឿង ថ្មក្រោម ឈើលើជញ្ជាំងក្តារ ក្រាលក្តារ៣ខ្នង មានទំហំ៨x១៣ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ទូច សុភ័ណ្ឌ អាយុ៦៧ឆ្នាំ មុខរបរនិវត្តន៍ជនយោធា (ជាប្តី) និងឈ្មោះ កូវ ចាន់ថន អាយុ៥៦ឆ្នាំ មុខរបរពេទ្យមណ្ឌលសុខភាពព្រៃញី (ជាប្រពន្ធ)។

សេចក្តីរាយការណ៍បន្តថា សម្ភារខូចខាតរួមមាន មាស១ដំឡឹង ២ជី ខ្សែកផ្លាកទីន១ដំឡឹង ៥ជី ស្រូវ៣តោន ទូរទស្សន៍៣គ្រឿង លុយខ្មែរ៨០ម៉ឺនរៀល លុយដុល្លារ៨០ដុល្លារ ប្លង់ដី២សន្លឹក អត្តសញ្ញាណប័ណ្ណ៤សន្លឹក សំបុត្រកំណើត៩សន្លឹក សៀវភៅគ្រួសារ២ក្បាល ម៉ាស៊ីនគោយន្ត២គ្រឿង កង់៣គ្រឿង និងសម្ភារដែលមាននៅក្នុងផ្ទះទាំងអស់ គិតជាទឹកប្រាប់ជាង៣ម៉ឺនដុល្លារ។

សេចក្តីរាយការណ៍បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញភ្លើងចាប់ផ្តើមឆាបឆេះ ពីចង្ក្រានអាំងត្រី រួចបន្តឆេះយ៉ាងសន្ទោសន្ធៅ បង្កការភ្ញាក់ផ្អើលតែម្តង ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រើប្រាស់ទឹកអស់៨ឡាន ទើបពន្លត់បាននៅវេលាម៉ោង ១រំលងអាធ្រាត ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

តាមការសន្និដ្ឋានជំហានដំបូង អគ្គិភ័យនេះបណ្តាលមកពីរាលភ្លើងចង្ក្រានអាំងត្រី ដែលមិនបានពន្លត់ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ជនរងគ្រោះត្រូវការជំនួយពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធផងដែរ ដើម្បីជួយឲ្យមានទីលំនៅឡើងវិញ៕