(ភ្នំពេញ)៖ អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន ដែលត្រូវបានផ្លាស់ប្តូរ ទៅជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃនោះ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះមុខតំណែងថ្មីនេះ ដែលត្រូវបានថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីទទួលបានបទពិសោធន៍ការងារថ្មីៗបន្ថែមទៀត ចូលរួមចំណែករក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិ។

សូមបញ្ជាក់ថា លោក ឈឿន ប៊ុនឆន ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរ និងតែងតាំងទៅជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមសេចក្តីប្រកាស របស់សម្តេចក្រឡាហោម ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានចេញសេចក្តីសម្រេចតែងតាំងលោក ស៊ីម ឃាង នាយរងការិយាល័យប្រតិបត្តិ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទៅជាអធិការនគរបាលស្រុកកោះធំជំនួសវិញ។

អធិការនគរបាលស្រុកកោះធំ ដែលល្បីខាងអនុវត្តច្បាប់អន្តោប្រវេសន៍ ទៅលើជនជាតិវៀតណាមនោះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «ការផ្លាស់ប្តូរខ្ញុំ ទៅជាអនុប្រធាននាយកដ្ឋាននេះ ខ្ញុំពេញចិត្តបំផុត ខ្ញុំសប្បាយចិត្តនៅពេលឃើញប្រកាសនេះ ពីព្រោះខ្ញុំគិតថា ខ្ញុំមិនអាចនៅជាអធិការរហូតចឹងនោះទេ គឺដើម្បីឲ្យខ្ញុំទៅរកកន្លែងដែលប្រសើរជាងនេះ ស្វែងរកបទពិសោធន៍ថ្មី។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំ ដែលបានមើលឃើញ និងបានផ្តល់ឱកាសដល់ខ្ញុំ ទៅកន្លែងទីតាំងមួយដ៏ខ្ពស់ ហើយឲ្យខ្ញុំមានវិសាលភាព អនុវត្តការងារផ្សេងៗទៀតបាន គឺវិសាលភាពធំជាងនៅអធិការ ហើយខ្ញុំសង្ឃឹមថា នៅពេលខ្ញុំទៅទីនោះ ខ្ញុំនឹងខិតខំធ្វើការកាន់តែខ្លាំងទៀត ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ទំនុកចិត្តបន្ថែមដល់ខ្ញុំទៀត»

លោក ឈឿន ប៊ុនឆន បានថ្លែងទៀតថា ការផ្លាស់ប្តូរនេះ គឺមិនមែនជាការដកនោះទេ គឺជាការលើកទឹកចិត្ត ហើយលោកចង់ទៅកន្លែងហ្នឹងណាស់ អាចធ្វើកិច្ចការងារថ្មីច្រើនទៀត។ បើតាមលោក ឈឿន ប៊ុនឆន អធិការថ្មីដែលត្រូវទៅកាន់នោះ គឺជាមន្រ្តីម្នាក់មានសមត្ថភាព ដើម្បីជួយប្រជាពលរដ្ឋនៅស្រុកកោះធំ ហើយនឹងអនុវត្តការងារកាន់តែខ្លាំងឡើង។ លោកបានបញ្ជាក់ទៀតថា «ថ្នាក់ដឹកនាំនឹងរើសទំពាំងស្នងឬស្សី ចឹងខ្ញុំជឿថា នឹងមានឱកាសក្លាយជាទំពាំង ដុះទៅជាឬស្សី»

សូមបញ្ជាក់ថា អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន ត្រូវបានគេស្គាល់ថា ជាមន្រ្តីនគរបាលម្នាក់បានអនុវត្តច្បាប់អន្តោប្រវេសន៍ ទៅលើជនជាតិវៀតណាម យ៉ាងខ្លាំងខ្លា រហូតធ្វើឲ្យមានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកលេង Facebook ព្រមទាំងការចុះបង្ក្រាបបទល្មើសនានាតាមមូលដ្ឋានដូចជា បទល្មើសនេសាទ និងគ្រឿងញៀនជាដើម៕