(សាធារណរដ្ឋកូរ៉េ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ក្រុមគ្រូពេទ្យស្ម័គចិត្តរបស់មូលនិធិគាំពារសុខភាពកូរ៉េ-អន្តរជាតិ (KOFIH) សហការជាមួយស្ថានទូតខ្មែរ នឹងចុះផ្ដល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺដល់ប្រជាពលករខ្មែរ ដែលកំពុងរស់នៅបម្រើការងារ និងសិក្សានៅទីនោះ ក្នុងពេលឆាប់ៗខាងមុខ។

លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ពលករ-ពលការិនីខ្មែរនេះ ដើម្បីឆ្លើយនឹងតម្រូវការចាំបាច់ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការថែរក្សាសុខភាពជូនពួកគាត់ ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ដោយមានការចង្អុលបង្ហាញពី ក្រសួងសុខាភិបាល និងសុខុមាលភាព របស់សាធារណរដ្ឋកូរ៉េ។

លោកបានបន្តថា ដោយហេតុនេះហើយ ទើបនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្រុមការងារស្ថានទូតខ្មែរ ដឹកនាំដោយរូបលោកផ្ទាល់ បានជួបពិភាក្សា​ការងារជាមួយ លោកវេជ្ជបណ្ឌិត Kim Inseong អគ្គលេខាធិការនៃមូលនិធិគាំពារសុខភាពកូរ៉េ-អន្តរជាតិ និងលោកវេជ្ជបណ្ឌិត Lee Gun Sang អនុប្រធាននាយកដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ នៃមូលនិធិគាំពារសុខភាពកូរ៉េ-អន្តរជាតិ នៅនាយកដ្ឋានមូលនិធិគាំពារសុខភាពកូរ៉េ-អន្តរជាតិ «ដើម្បីពិភាក្សាគ្នាពីការស្វែងរកជំនួយ ពីក្រុមគ្រូពេទ្យស្ម័គចិត្តរបស់មូលនិធិ ក្នុងការជួយពិនិត្យ និងព្យាបាលជំងឺ ដល់ពលករ-ពលការិនី ស្ត្រីខ្មែររៀបការជាមួយស្វាមីកូរ៉េ និងនិសិត្សខ្មែរដែល​កំពុងរស់នៅ ធ្វើការងារ និងសិក្សានៅសាធារណរដ្ឋកូរ៉េ»

ការពិភាក្សាខាងលើនេះ ទទួលបាលលទ្ធផលជាផ្លែផ្កាជាច្រើន រួមមាន៖

១៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ខាងមុខ មូលលនិធិគាំពារសុខភាពកូរ៉េ-អន្តរជាតិ សហការជាមួយស្ថានទូតខ្មែរ នឹងបញ្ជូនក្រុមគ្រូពេទ្យចុះទៅពិនិត្យ​សុខភាពជូនប្រជាពលរដ្ឋខ្មែរ នៅទីក្រុងអ៊ឺចុងប៊ូ ក្នុងនោះរួមមាន៖ ការពិនិត្យសុខភាពទូទៅ, ការពិនិត្យបេះដូង, ការពិនិត្យ X-Ray។

២៖ ក្រុមការងារស្ថានទូតខ្មែរ នឹងសិក្សារៀបចំចុះអនុស្សរណៈ នៃយោគយល់គ្នា ជាមួយសមាគមវេជ្ជបណ្ឌិតទីក្រុងសេអ៊ូល លើការពិនិត្យសុខភាព និងព្យាបាលជំងឺជូនដល់ពលករ-ពលការិនី ស្ត្រីខ្មែររៀបការជាមួយស្វាមីកូរ៉េ និងនិសិត្សខ្មែរដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សានៅសាធារណរដ្ឋកូរ៉េ នៅតាមតំបន់ដែលមានស្នាក់ការរបស់សមាគម ដោយឥតគិតថ្លៃ ឬមានតម្លៃទាប។

៣៖ ក្នុងរយៈពេល២ខែម្តង ឬពីរដង ក្រុមគ្រូពេទ្យរបស់មូលនិធិគាំពារសុខភាពកូរ៉េ-អន្តរជាតិ KOFIH នឹងសហការជាមួយស្ថានទូតខ្មែរ ដើម្បីចុះពិនិត្យសុខភាពជូនប្រជាជនខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សានៅសាធារណរដ្ឋកូរ៉េ នៅតាមតំបន់នានា។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា «ក្រុមការងារស្ថានទូតខ្មែរប្រចាំកូរ៉េ នឹងបន្ដខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យអស់ពីលទ្ធភាព ដើម្បីជួយដោះស្រាយបញ្ហា និងគាំពារផ្លូវច្បាប់ជូនប្រជាជនខ្មែរ ដែលកំពុងរស់នៅ បម្រើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ»