(កណ្តាល)៖ ព្រះពុទ្ធបដិមា ២ព្រះអង្គ មានអាយុលកាលជាង១០០ឆ្នាំ រួមជាមួយកុលាភាជមួយចំនួនទៀត ដែលសុទ្ធសឹងតែជាវត្ថុមានតម្លៃនោះ ត្រូវបានប្រជាពលរដ្ឋ​ជីករកឃើញក្នុងបរិវេណ វត្តព្រះនាគ ស្ថិតក្នុងភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងបានតម្កល់ទុកក្នុងវត្តព្រះនាគតែម្ដង។

ក្រោយទទួលបានដំណឹងនេះហើយ ក្រុមមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោក ហេង កំសាន្ត ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ សហការជាមួយ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី ឡាយ ប្រធាននាយកដ្ឋាន អាជ្ញាធរស្រុក និងកម្លាំងប្រដាប់អាវុធ បានចុះទៅធ្វើការសម្របសម្រួលជាមួយគណៈកម្មការវត្ត ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ដើម្បីស្នើសុំព្រះពុទ្ធបដិមានទាំង២ព្រះអង្គ និងវត្ថុមានតម្លៃខាងលើ យកទៅតម្កល់រក្សាទុកនៅសារមន្ទីរជាតិ ការពារសុវត្ថិភាព និងទុកសម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ជាតិ បានស្គាល់ តែត្រូវពុទ្ធបរិស័ទ និងគណ:កម្មការវត្តមិនទាន់ឯកភាព។

ការចុះសម្របសម្រួលស្នើសុំព្រះពុទ្ធបដិមាខាងលើ ធ្វើឡើងអស់រយៈពេល២ថ្ងៃ មកហើយ ពោលគឺចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ តែគណៈកម្មការវត្ត ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តព្រះនាគ នៅតែមិនព្រមឯកភាពដដែល ហើយនៅថ្ងៃទី០១ ខែកុម្ភៈនេះ ក្រុមមន្រ្តី និងអាជ្ញាធរស្រុកអង្គស្នួល នៅតែព្យាយាមចរចាសម្របស្រួលបន្តទៀត ដើម្បីនាំវត្ថុដ៏មានតម្លៃខាងលើយកមករក្សាតម្កល់ទុកនៅសារមន្ទីរជាតិ។

លោក ជា សុជាតិ អនុប្រធានការិយាល័យបុរាណវត្ថុ នៃសារមន្ទីរជាតិភ្នំពេញ បាននិយាយថា ទីធ្លាដីវត្តព្រះនាគទាំងមូលជាបុរាណដ្ឋានមួយ ដែលស្ថិតនៅច្រើនសម័យកាល មានសម័យយុគថ្មបំបែក យុគថ្មរំលីង សម័យបុរេប្រវត្តិ សម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ រហូតដល់សម័យបច្ចុប្បន្ន។

ជាក់ស្ដែង ភស្តុតាងដែលរកឃើញនេះ មានដូចជា ឧបករណ៍ប្រើប្រាស់របស់មនុស្សនៅក្នុងសម័យបុរាណនោះ។

លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល បានព្យាយាមពន្យល់ដល់គណៈកម្មការវត្ត និងព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទ ដើម្បីសុំយកព្រះពុទ្ធបដិមាទាំងពីរព្រះអង្គ និងកុលាភាជ (របស់ប្រើប្រាស់សម័យបុរាណ) ទាំងនោះ ដើម្បីយកទៅតម្កល់ទុកក្នុងសារមន្ទីរជាតិ ដែលជាទីកន្លែងមានសុវត្ថិភាព ទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។

លោកបន្តឲ្យដឹងថា លោកបានសំណូមពរទៅកាន់ក្រសួងវប្បធម៌ ជួយជំរុញយ៉ាងណាត្រូវយកព្រះពុទ្ធបដិមាទាំងពីរព្រះអង្គនេះ ទៅកាន់សារមន្ទីរជាតិ ដើម្បីតម្កល់ទុក ព្រោះបើទុកនៅក្នុងទីវត្ត ច្បាស់ជាមិនមានសុវត្ថិភាពនោះទេ និងស្នើឲ្យក្រសួងវប្បធម៌ ត្រូវកំណាយទីទួលបុរាណបន្តទៀត ដើម្បីកុំឲ្យជនខិលខូចឆ្លៀតឱកាសជីកកាយយកមុន។

ទោះបីជាលោក និងមន្ត្រីក្រសួងខិតខំពន្យល់យ៉ាងណា តែប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងគណៈកម្មការវត្ត ព្រះសង្ឃវត្តព្រះនាគ មិនឯកភាពនឹងសំណើរនោះឡើយ៕